(ព្រះសីហនុ)៖ ផ្លូវបេតុង១ខ្សែ មានប្រវែង៨៣០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលបានស្ថាបនារួចរាល់នៅភូមិបន្ទាយប្រិយ៍ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ដែលនេះជាចំណងដៃថ្មីមួយទៀតពីសំណាក់អាជ្ញាធរ។

ពិធីប្រគល់ និងទទួលបានធ្វើឡើងក្រោមវត្តមានលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងមានការអញ្ជើញចូលរួមពីក្រុមការងារទីចាត់ ផែនការ និងវិនិយោគខេត្តព្រះសីហនុ គណៈកម្មការលទ្ធកម្មស្រុក ក្រុមការងារបច្ចេកទេស មេភូមិ ឃុំ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន “យ៉ិន សុខ ខនស្ត្រាកសិន ខូអិលធីឌី” នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៣។

លោកអភិបាលស្រុកព្រៃនប់ បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ កែលម្អឲ្យមានភាពស្រស់ស្អាត អនាម័យ តាមផ្ទះសំបែង ដងផ្លូវ លូ ប្រឡាយ ដើម្បីមានភាពទាក់ទាញពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសគឺមុខមាត់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

លោក អ៉ី ធារិន បានបន្តថា ក្រោយពីបានចុះពិនិត្យជាក់ស្តែង និងសិក្សានូវគុណភាពជាមួយក្រុមការងារជំនាញនៃទីចាត់ការ ផែនការ និងវិនិយោគខេត្ត គណៈកម្មការលទ្ធកម្មរួចមក ឃើញថាផ្លូបេតុង ១ខ្សែខាងលើពិតជាមានការ សាងសង់បានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ដែលបានកំណត់ក្នុងកិច្ចសន្យា។

លោកបានថ្លែងថា ផ្លូវបេតុង១ខ្សែមានប្រវែង ៨៣០ម៉ែត្រនេះ បានធ្វើឡើងជាសមិទ្ធផលថ្មីក្រោមការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកសុខទុក្ខប្រជាពលរដ្ឋជាធំ រហូតឈានដល់ប្រែក្លាយផ្លូវ១ខ្សែនេះពីដីស ទៅក្រាលដីក្រហម ពីដីក្រហមមកចាក់ជាបេតុង។

លោកបានគូសបញ្ជាក់ថា ផ្លូវបេតុងនេះទោះបីជាគម្រោងរបស់ថ្នាក់ស្រុក តែការឧបត្ថមគឺជាថវិការរបស់ថ្នាក់ជាតិរាជរដ្ឋាភិបាលជាអ្នកផ្តល់ឲ្យ ជាពិសេសមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលផ្តល់សម្រាប់ការ អភិវឌ្ឍស្ទើរតែគ្រប់វិស័យ គ្រប់ទីកន្លែងទាំងអស់។ ក្នុងឱកាសនោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក្នុងថ្ងៃទី២៣ ខែកក្ដដា ខាងមុខនេះ។

អភិបាលស្រុកព្រៃនប់ សង្ឃឹមយ៉ាងមុតម៉ាំថា បងប្អូននឹងយល់ហើយជឿជាក់ថាប្រទេសមានសុខសន្តិភាព ក៏ដោយសារការសម្រេចចិត្ត និងការដឹកនាំប្រទេស ដែលបាត់បង់គ្រប់វិស័យក្នុងសម័យសង្គ្រាម ឈានមកការអភិវឌ្ឍនា ពេលបច្ចុប្បន្ន។

ជាចុងក្រោយលោក អ៉ី ធារិន សូមឱ្យប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់ៗគ្នាក្នុងការថែរក្សា ប្រើប្រាស់នៅផ្លូវ១ខ្សែនេះឱ្យបានល្អ (បើមានលទ្ធភាពម្ចាស់ផ្ទះនីមួយៗអាចចាក់បំពេញបន្ថែមនូវច្រកចូលផ្ទះ ដាំដើមផ្ការ កូនឈើ ដើម្បីឱ្យមានភាពស្រស់ស្អាត ទាក់ទាញពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសគឺមុខមាត់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន)។

លោក យ៉ិន សុខ ម្ចាស់ក្រុមហ៊ុនសាងសង់ផ្លូវបេតុងបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ក្រោមការសាងសង់ផ្លូវមួយខ្សែនេះ លោក និងក្រុមការងារបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតលើគុណភាព (ប្រវែង, កម្រាស, ការលាយបេតុង, ឈូយឆាយត្រាស់សេ, ក្រាលថ្ម, រែងដែក) ដើម្បីផ្តល់បាននូវភាពរឹងមាំគង់វង់យូរអង្វែង និងត្រូវតាមបច្ចេកទេសរបស់គណៈកម្មការលទ្ធកម្មបានកំណត់ ក្នុងនោះលោកបានផ្តាំផ្ញើរដល់អ្នកបងប្អូនអ្នកប្រើប្រាស់ គ្រប់ម្យោបាយ ជាពិសេសគឺក្រុមហ៊ុនគ្រឿងចក្រផ្សេងៗ មិនអាចដឹកលើសទម្ងន់ឆ្លងកាត់ផ្លូវមួយខ្សែនេះបានឡើយ។

ក្នុងឱកាសនោះប្រជាពលរដ្ឋបានសារទរ និងរីករាយជាខ្លាំងក្រោយទទួលបានផ្លូវបេតុងមួយខ្សែនេះ ដែលពីមុនគឺជាផ្លូវមានគ្រលុក ភក់ជ្រាំ បានបង្កជាផលលំបាក់ក្នុងការធ្វើដំណើរ ស្របពេលជាមួយគ្នានេះពួកកាត់បានបង្ហាញពីចិត្ត ត្រេកអរក្រៃលែង និងបានអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន ដែលជាម្លប់សន្តិភាពដល់ប្រជាពលរដ្ឋទូរទាំងប្រទេស ប្រជាពលរដ្ឋបានបន្តទៀតថា ដើម្បីបន្តបានការអភិវឌ្ឍជាបន្តបន្ទាប់ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ដែលមានលេខរៀងទី១៨ ជាសម្គាល់៕