(ភ្នំពេញ)៖ ការប្រើប្រាស់ជីវិតនៅលើឆាកនយោបាយកាន់តែយូរ របស់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី មិនប្រាកដថា អាចជួយឱ្យគាត់កាន់តែខ្លាំងក្នុងរឿង នយោបាយនោះទេ ផ្ទុយទៅវិញការប្រឡូកក្នុងឆាកនយោបាយកាន់តែយូរនេះ គឺបានធ្វើឱ្យប្រជាពលរដ្ឋស្គាល់មុខមាត់ពិត និងភាពកំសោយកាន់តែខ្លាំងឡើង របស់មេដឹកនាំបក្សប្រឆាំងរូបនេះ។
ទាំងអ្នកមិនសូវចូលចិត្តលោក សម រង្ស៊ី និងអ្នកដែលធ្លាប់ស្រលាញ់ជឿជាក់លើលោក សម រង្ស៊ី សុទ្ធតែខកចិត្តខ្លាំងណាស់ នៅពេលដែលមេដឹកនាំបក្ស ប្រឆាំងមួយនេះ ដើរចាក់រុកបរទេសឱ្យស្អប់ខ្មែរ ផ្តាច់ជំនួយអន្តរជាតិមកកម្ពុជា និងរហូតចុងក្រោយនេះ ហ៊ានជំរុញឱ្យសហភាពអឺរ៉ុបបិទ ទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជាទៀតផង។
ក្រោយពីមានប្រតិកម្មផ្ទួនៗពីរដ្ឋាភិបាល សហជីព កម្មករ និងប្រជាពលរដ្ឋនោះ លោក សម រង្ស៊ី បានព្យាយាមបំភ្លឺខ្លួនឯងថា មិនបាននិយាយ ប៉ុន្តែគ្មានប្រជាពលរដ្ឋណាទៅភ្លើជឿការដោះសារនេះទេ ព្រោះភស្តុតាងដែលគាត់បានបង្ហោះផ្សាយខ្លួនឯងលើ Facebook នោះគឺច្បាស់ណាស់។
ទោះជាយ៉ាងណាពលរដ្ឋកម្ពុជា នៅតែមានសំណាងល្អដែរ ព្រោះថ្មីៗសហភាពអឺរ៉ុប នៅតែរក្សាជំហររបស់ខ្លួន ក្នុងការផ្តល់ជំនួយមកកម្ពុជា ទោះជាមានការញុះញង់ផ្លុំត្រចៀកពីលោក សម រង្ស៊ី ក្តី។
និយាយពីប្រជាពលរដ្ឋ ក្រុមសហជីពកម្មករ កម្មករ-កម្មការិនី រួមទាំងអ្នកទទួលផលដោយប្រយោលពីឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដែលរួមមានទាំង អ្នកលក់ដូរក្បែរតំបន់រោងចក្រ ម្ចាស់ផ្ទះជួល អ្នករកស៊ីឡានឈ្នួលដឹកកម្មករ ដ៏ដូចជាបងប្អូនសាច់ញាតិរបស់កម្មករ គឺបានសំដែងនូវកំហឹងខឹងសម្បា និងចាត់ទុកទង្វើរបស់លោក សម រង្ស៊ី ដែលបានស្នើឱ្យសហភាពអឺរ៉ុបបិទ ទីផ្សារសម្លៀកបំពាក់ពីកម្ពុជា គឺជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឱ្យបាន ព្រោះគាត់បានជំរុញឱ្យបរទេសបំផ្លាញឆ្នាំងបាយកម្មករខ្មែរ។
កំហឹងរបស់ប្រជាពលរដ្ឋ គឺមិនងាយនឹងលាងជ្រះដូចការរំពឹងទុករបស់ សម រង្ស៊ី ទេ ទោះបីជាលោក សម រង្ស៊ី ខំប្រឹងប្រែងលាងគូទខ្លួនឯង ដោយធ្វើជាចេញ មកចោទប្រកាន់សារព័ត៌មានបារាំងអន្តរជាតិនៅកម្ពុជាថា ផ្សាយពត័មានគ្មានវិជ្ជាជីវៈ និងចោទប្រកាន់រដ្ឋាភិបាលថា មានបំណងបំភ្លៃសំដីរបស់ខ្លួនក៏ដោយ ក៏ការពិតត្រូវបានបង្ហាញច្បាស់ណាស់ទៅហើយ ដោយលោក សម រង្ស៊ី ខ្លួនឯងបានបង្ហោះនៅលើ Facebook នៅថ្ងៃទី១៦ ខែកក្កដា កន្លងទៅ គឺបន្ទាប់ពីនិយាយនៅសហភាពអឺរ៉ុប បាន៣ថ្ងៃ ថាខ្លួនបានសុំឱ្យសហភាពអឺរ៉ុប បិទទីផ្សារសម្លៀកបំពាក់ពីកម្ពុជា ដើម្បីដាក់គំនាបលើរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក សម រង្ស៊ី ថែមទាំងបាននិយាយថា «បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជាហើយ គឺនៅពេលបើកទីផ្សារវិញ ត្រូវតែភ្ជាប់នឹងលក្ខ័ខណ្ឌតឹងរឹងបំផុតលើកម្ពុជា» នេះជាការលើកឡើងនៅក្នុងសភាអឺរ៉ុបថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
រឹតតែឥតកេរ្តិ៍ខ្មាសទៀតនោះ លោក សម រង្ស៊ី បានចេញមកពន្យល់ថា បើសហភាពអឺរ៉ុបលូកដៃនៅក្នុងរឿងនាំចេញនូវសំលៀកបំពាក់នេះ គឺមិនមែនកម្មករ រឺប្រជាជនតូចតាចទេដែលប៉ះពាល់ថៅកែ និងឈ្មួញធំៗទៅវិញទេដែលជួបវិបត្តិ។ ការពន្យល់របស់លោក សម រង្ស៊ី ហាក់ដូចជាពលរដ្ឋខ្មែរ និងបងប្អូនកម្មករ កម្ពុជា ហ្នឹងល្ងង់ខ្លៅ ងាយនឹងគាត់បកស្រាយបានតាមចិត្តដូច្នេះដែរ ប៉ុន្តែសូម សម រង្ស៊ី កុំច្រឡំពលរដ្ឋខ្មែរ រួមទាំងកម្មករ-កម្មការិនី គឺមិនល្ងង់ដល់ថ្នាក់ភ្លើ ជឿការបោកប្រាស់របស់ សម រង្ស៊ី នោះទេ។ បងប្អូនកម្មករសុទ្ធតែកំពុងបំពេញការងារ ដើម្បីរកប្រាក់ចំណូលជួយគ្រួសាររបស់គាត់ វាច្បាស់ណាស់ថា បើគ្មានការបញ្ជាទិញ និងបិទទីផ្សារ ពួកគាត់នឹងបាត់បង់ការងារជាក់ជាមិនខាន និងទីបំផុតពួកគាត់ នឹងរងការលំបាកពីការបិទទីផ្សារនេះ។
កំឡុងពេលនៃការស្តីបន្ទោសរបស់ប្រជាពលរដ្ឋខ្មែរ ទៅលើភាពគ្មានទំនួលខុសត្រូវ របស់មេដឹកនាំបក្សប្រឆាំង សម រង្ស៊ី សភាពអឺរ៉ុបថ្មីៗនេះបានទម្លាក់ កញ្ចប់ថវិកាឧបត្ថម្ភបន្ថែមសម្រាប់ឆ្នាំ២០១៦ ដល់សាលាក្តីខ្មែរក្រហម ដោយជំនួយហិរញ្ញវត្ថុនេះមានទំហំទឹកប្រាក់កើនដល់ទៅ ៨,៩ លានអឺរ៉ូ។ ការបន្តផ្តល់ជំនួយដល់កម្ពុជា គឺប្រៀបដូចជាការទះកំភ្លៀង សម រង្ស៊ី និងបង្ហាញថា ការញុះញង់របស់គាត់ ហាក់មិនមានប្រសិទ្ធភាពនោះទេ។ អាចប្រហែលជាដោយសារតែឃើញសហភាពអឺរ៉ុប មិនសូវយកចិត្តទុកដាក់ និងសំណើររបស់ខ្លួននេះហើយ ដែលធ្វើឱ្យលោក សម រង្ស៊ី បញ្ជាមកកូនចៅនៅ ក្រុងភ្នំពេញ ឱ្យបន្ទន់ឥរិយាបថរបស់ខ្លួនចូលប្រជុំសភា ជាមួយភាគីរដ្ឋាភិបាលឡើងវិញ។
ទោះបីជាបែបនេះក្តី គេមិនរំពឹងថា ការបន្ទន់ឥរិយាបថរបស់តំណាងរាស្ត្របក្សប្រឆាំង ក្រោមបទបញ្ជារបស់ សម រង្ស៊ី អាចផ្លាស់ប្តូរស្ថានការណ៍ដ៏អាក្រក់ដែល សម រង្ស៊ី បានបង្កឡើងនោះទេ។ សរុបមកការព្យាយាមលាងគូទខ្លួន និងបន្ទន់ឥរិយាបថឱ្យកូនចៅចូលប្រជុំសភារបស់លោក សម រង្ស៊ី នៅពេលនេះ គឺធ្វើឡើងក្នុង គោលបំណងបញ្ចៀសភាពតានតឹងដែលខ្លួន បានបង្កតែប៉ុណ្ណោះ បក្សប្រឆាំងគ្មានចេតនាពិត និងស្មោះត្រង់នោះទេ គឺគ្រាន់តែធ្វើឡើង ស្របពេលដែលដឹងថា សំដីរបស់ខ្លួនមិនសូវមានទំងន់ ក្នុងការធ្វើបាបរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ៕