(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានទទូចឲ្យពលរដ្ឋ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្រោះមានគោលនយោបាយច្បាស់លាស់ប្រទេសឆ្ពោះទៅមុខបន្តទៀត។
នេះជាការលើកឡើងរបស់លោកក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមយុវជនក្រៅប្រព័ន្ធចំនួន៦០០នាក់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោក សាយ សំអាល់ បានថ្លែងអំណរគុណបងប្អូនទាំងអស់ ដែលកន្លងមកជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជួយផ្សព្វផ្សាយនូវគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាប្រែក្លាយខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនឲ្យបានច្រើន បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលឲ្យ ប្រជាពលរដ្ឋនៅទីនេះមានជីវភាពធូរធារ។
ជាមួយគ្នានេះ លោក សាយ សំអាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។
សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩,៨០៧នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន៣០៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២រួមមាន៖ គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី, គណបក្សខ្មែរឈប់ក្រ, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សធម្មាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕