(ព្រះសីហនុ)៖ មន្ដ្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីបាញ់រះចំនួន៣គ្រាប់ដោយមិនដឹងមូលហេតុ នៅចំណុចលើភ្នំបុរីវិមានឈ្នះៗ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា ដើមឡើងមានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចថា លឺសូរសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់ នៅទីតាំងខាងលើ ភ្លាមនោះកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានចុះទៅដល់កន្លែងកើតហេតុ បានប្រទះឃើញសំបកកន្ទុះចំនួន២គ្រាប់ មានចម្ងាយប្រហែល១០ម៉ែត្រពីគ្នា និងសាកសួរប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ដោយកំណត់អត្តសញ្ញាណមុខសញ្ញាជនសង្ស័យបង្ក។
បើតាមសេចក្ដីរាយការណ៍, ជនសង្ស័យបង្កបានបើកបររថយន្តឡង់គ្រីស័រពណ៌ស១គ្រឿង និងមានមនុស្សប្រហែល១០នាក់ដើរមកជាមួយ បានសួរកម្មករកំពុងលើកដាក់ដែក សួររួចក៏ចេញទៅវិញបានបន្តិចក៏ផ្ទុះអាវុធចំនួន៣គ្រាប់ រួចក៏បើកបរចូលផ្ទះនៅខាងក្រោមកន្លែងកើតហេតុបាត់ទៅ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនបង្ក ដើម្បីបន្តនីតិវិធី៕