(កំពង់ធំ)៖ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ព្រមទាំងព្រះសង្ឃ ប្រជាពលរដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជាជាច្រើនអង្គ/នាក់ បានរួមគ្នាដាំកូនឈើប្រណីតជាង៣០០ដើម មានដូចជាធ្នុង បេង នាងនួន សុក្រំ និងស្តៅ នៅតំបន់ជុំវិញប្រាសាទ នៃឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក នី ផល្លី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្នោតជុំ ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ សមាជិក/សមាជិកាបក្ស និងប្រជាពលរដ្ឋក្នុងឃុំយ៉ាងច្រើនកុះករ។

លោក នី ផល្លី បានជម្រាបថា ការដាំដើមឈើថ្ងៃនេះគឺធ្វើឡើងដើម្បីចូលរួមអបអរសាទររុក្ខទិវា៩កក្កដាផង សំដៅបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែររួមគ្នាដាំដើមឈើ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងធនធានធម្មជាតិ ចូលរួមថែរក្សាសម្បត្តិព្រៃឈើ និងបង្កើនតំបន់គម្របបៃតងទ្រទ្រង់ដល់បរិស្ថាន និងដើម្បីចូលរួមជំរុញដល់ការអភិវឌ្ឍប្រែក្លាយតំបន់ប្រាសាទនេះ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្របៃតងដ៏ទាក់ទាញនិងស្រស់បំព្រង សម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។

ការលើកឡើងដោយលោក នី ផល្លី ទទួលបានការសាទរនិងគំាទ្រយ៉ាងផុលផុសពីប្រជាពលរដ្ឋក្នុងឃុំត្នោតជុំ ទាំងស្មារតី ទឹកចិត្ត និងកម្លាំងកាយ ដោយរំពឹងថាការរីកចម្រើននៃវិស័យទេសចរណ៍នៅតំបន់ប្រាសាទនឹងជួយគាំទ្រដល់ការអភិវឌ្ឍក្នុងឃុំ ពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋចូលរួមដាំដើមឈើនៅតាមភូមិឋាន និងទីសាធារណៈនានាក្នុងឃុំ ពិសេសនៅតាមវត្តអារាម និងសាលារៀន ដើម្បីបង្កើតជាម្លប់ឈើត្រឈឹងត្រឈៃ និងតំបន់បៃតងជាទីមនោរម្យសម្រាប់ពុទ្ធបរិស័ទ និងសិស្សានុសិស្ស។

គួរបបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ លោក នី ផល្លី បានដឹកនាំក្រុមការងារចុះជួបសមាជិកបក្ស និងប្រជាពលរដ្ឋផ្ទាល់តាមខ្នងផ្ទះ និងជាក្រុមតូចៗតាមភូមិទាំងអស់ក្នុងឃុំដើម្បីផ្សព្វផ្សាយពីស្នាដៃ សមិទ្ធផល និងគោលនយោបាយរបស់គណបក្សប្រជាជនក្នុងការដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានោះ លោកក៏បានដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់ចំពោះមុខនានារបស់ប្រជាពលរដ្ឋតាមភូមិដោយឡែកៗពីគ្នា៕