(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលជាមួយអាជីករលក់ដូរ នៅផ្សាររំលង ស្ថិតនៅឃុំទ្រៀល​ ស្រុកតាំងគោក ខេត្តកំពង់ធំ និងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា។

ជាមួយនឹងការចុះជួបសំណេះសំណាល និងជំរុញដល់បងប្អូនអាជីវករនៅផ្សាររំលងឱ្យអញ្ជីញទៅបោះឆ្នោតនេះ បងប្អូនអាជីវករក៏បានបង្ហាញការស្វាគមន៍ ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្និទ្ធស្នាល និងបានប្តេជ្ញាចិត្តទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត និងបានថ្លែងអរគុណដល់លោកបណ្ឌិត ថោង ខុន ដែលតែងតែជួយធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ។

នាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករនៅក្នុងផ្សាររំលង រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ជាមុន និងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។

លោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តដឹកនាំមាតុភូមិកម្ពុជា ក្នុងសុខសន្តិភាព កាន់តែរីកចម្រើនរុងរឿងទៅមុខរៀងរហូត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។

លោកបណ្ឌិត ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានការពារសុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយមានអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតគឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត៕