(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្ដសហការជាមួយផ្សារទំនើបអ៉ីអន១ បើកការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ។ ក្រៅពីមន្ដ្រីនគរបាលជំនាញរបស់នាយកដ្ឋាន ក៏មានការចូលរួមពីបុគ្គលិករបស់ផ្សារទំនើបអ៉ីអន១ ជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលដឹកនាំការធ្វើលំហាត់សមយុទ្ធនេះដោយផ្ទាល់ បានឲ្យដឹងថា ការធ្វើសមយុទ្ធនៅពេលនេះ គឺដើម្បីឲ្យបុគ្គលិកនៅក្នុងផ្សារ ទំនើបអ៉ីអន១ ចេះអំពីវិធានការបង្ការ និងពន្លត់អគ្គិភ័យបឋមដោយខ្លួនឯង និងចេះជម្លៀសខ្លួន ជាមួយភ្ញៀវចេញពីកន្លែងកើតហេតុ ព្រមទាំងផ្សាភ្ជាប់ជាមួយជំនាញរបស់សមត្ថកិច្ច។
លំហាត់សមយុទ្ធក្នុងឱកាសនោះ រួមមាន៖
*ទី១៖ ការប្រកាសអាសន្នជម្លៀសខ្លួន
*ទី២៖ ការសង្គ្រោះជនដែលរងគ្រោះ
*ទី៣៖ ការពន្លត់អគ្គិភ័យ។
ឆ្លងកាត់សមយុទ្ធនេះ លោកប្រធាននាយកដ្ឋាន បានមើលឃើញថា ប្រតិបត្តិការរបស់បុគ្គលិក និងមន្ដ្រីជំនាញ គឺអនុវត្តបានល្អស្មើដៃគ្នា និងមានជំនាញច្បាស់លាស់ ដូច្នេះលោករំពឹងថា ក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង បុគ្គលិកក្នុងផ្សារទំនើបរបស់ជប៉ុនមួយនេះ អាចមានលទ្ធភាពសង្គ្រោះបឋមដោយខ្លួនឯង រួមជាមួយភ្ញៀវរបស់ខ្លួនបាន ហើយក្នុងករណីតូចតាចក៏មានគ្រប់គ្រងបាន និងធ្វើឲ្យរីករាលដាលផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានសំណូមពរដល់ម្ចាស់ផ្សារទំនើបនានា, សហគ្រាស, គ្រឹះស្ថាន និងអគារធំៗជាដើម គួរបង្កើនកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ពិសេសការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមពីដល់បុគ្គលិករបស់ខ្លួន អំពីវិធានការសង្គ្រោះបឋម, ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ។
ប្រធាននាយកដ្ឋានជំនាញរូបនេះ បានកត់សម្គាល់ទៀតថា ផ្សារទំនើបអ៉ីអនគ្រប់សាខាទាំងអស់ គឺជាផ្សារទំនើបរបស់ជប៉ុនដ៏គំរូមួយ ដែលតែងផ្ដល់កិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច ពិសេសនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការធ្វើសមយុទ្ធរួមគ្នា និងអប់រំ ផ្សព្វផ្សាយដល់បុគ្គលិករបស់ខ្លួន ទាំង៣សាខាតែម្ដង។ លោកចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម។ លោកអះអាងថា រហូតមកដល់ពេលនេះផ្សារទំនើបអ៉ីអន បានចូលរួមក្នុងការធ្វើសមយុទ្ធនេះចំនួន១២លើករួចមកហើយ។
លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅ នៃផ្សារទំនើបអ៉ីអន បានឲ្យដឹងថា ក្រៅពីការបញ្ជ្រៀបការយល់ដឹងដល់បុគ្គលិកដែលធ្វើការនៅក្នុងផ្សារហើយនោះ គោលដៅមួយទៀត គឺដើម្បីគោរពតាមច្បាប់របស់កម្ពុជា និងលិខិតបទដ្ឋានគតិយុត្តផ្សេងដែលមានជាធរមាន សំដៅបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ។ មួយវិញទៀត ក៏ជាការបង្កើននូវទំនុកចិត្តជូនអតិថិជនដែលចូលមកផ្សារទំនើបអ៉ីអន ផ្ទាល់តែម្ដង។
ជាមួយគ្នានេះ លោក ជូ សុវណ្ណារ៉ា តាងនាមផ្សារទំនើបអ៉ីអនខេមបូឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ក៏ដូចជាផ្ដល់កិច្ចសហការជាមួយផ្សារទំនើបអ៉ីអន ក្នុងការធ្វើសមយុទ្ធពន្លត់អគ្គិភ័យដែលមានសារៈសំខាន់នៅពេលនេះ។ លោករំពឹងថា ក្រោយធ្វើសមយុទ្ធបុគ្គលិកផ្សារ គឺមានការយល់ដឹងខ្ពស់អំពីវិធានការនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ។
គួរជម្រាបថា ពាក់ព័ន្ធគ្រោះអគ្គិភ័យនេះ លោកឧត្តមសេនីយ៍ឯក នេត វត្ថា បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ករណីអគ្គិភ័យបានកើតឡើង៥១៦លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ កើនឡើងចំនួន១៤៤លើក និងបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤១នាក់ កើនឡើង២៩នាក់ ព្រមទាំងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។ មូលហេតុនៃគ្រោះអគ្គិភ័យគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ប្រើប្រាស់ភ្លើង និងកត្ដាផ្សេងទៀត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក នេត វត្ថា បានលើកឡើងពីវិធានផ្សេងៗរបស់នាយកដ្ឋាន ដើម្បីបង្ការអគ្គិភ័យ និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះរបៀបពន្លត់បឋម នៅពេលមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង មុនទំនាក់ទំនងមកនាយកដ្ឋានតាមលេខទូរស័ព្ទ១១៧ ដោយគិតឥតថ្លៃ ២៤ម៉ោង ក្នុងមួយសប្តាហ៍៕