(ភ្នំពេញ)៖ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ដែលអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម កំពុងតែល្បីខ្លាំងនៅប្រទេសចិន ដោយអង្គភាពព័ត៌មានជាច្រើន ផ្សាយយ៉ាងកក្រើកនៅលើ TikTok របស់ចិន។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការផ្សាយព័ត៌មានថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោម ឲ្យទៅប្រទេសអ៊ុយក្រែន ដើម្បី ប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ ជាមួយគ្នានេះដែរ ប្រសាសន៍របស់សម្តេចតេជោ ត្រូវបានសារព័ត៌មានចិនទាំងតូចទាំងធំ ជាង ២០អង្គភាពឯណោះ យកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖
ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឲ្យទៅ អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ ប្រសិនរឿងនេះវាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។
បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។
ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តី អាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។
សូមជម្រាបថា តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែនដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពាន រុស្ស៉ី បើទោះជាមានការជំទាស់ពីអង្គការសិទ្ធិមនុស្សក៏ដោយ តែអាវុធប្រភេទនេះអាចនឹងផ្ដល់ថាមពលបន្ថែមដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា កញ្ចប់ជំនួយអាវុធថ្មីទំហំ ៨០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះនឹងរួមមានបញ្ចូលគ្រាប់បែកចង្កោមបាញ់ចេញពីកាណុងកាំភ្លើងធំ Howitzer ១៥៥មីលីម៉ែត្រ គ្រោងនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្ដាហ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។ សេតវិមាន ធ្លាប់បាននិយាយថា ការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យ អ៊ុយក្រែន កំពុងស្ថិតនៅក្រោមការពិចារណាយ៉ាងល្អិតល្អន់ តែមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយត្រូវបានប្រកាសនោះទេ ហើយគ្រាប់បែកចង្កោម នេះអាចនឹងក្លាយជាប្រធានបទក្ដៅមួយនៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន ចូលរួមក្នុងកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី នៅសប្ដាហ៍ក្រោយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំផ្គត់ផ្គង់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន។ ខណៈប្រទេសជាង ១២០ បាននាំគ្នាចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោម រុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងចំណោមក្រុមប្រទេស ដែលមិនបានចុះហត្ថលេខាឡើយ៕
@hunsenofcambodia បណ្តាញផ្សព្វផ្សាយចិនផ្សាយបន្តពីរឿងគ្រាប់ បែកចង្កោមនៅអ៊ុយក្រែន
♬ សំឡេងដើម - Samdech Hun Sen