(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបានថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមសម័យពេញអង្គនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស នៅទីក្រុងហ្សាការតា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» និង អាទិភាពរបស់ឥណ្ឌូនេស៊ី ដែលផ្តោតលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-បាស៊ីហ្វិក (AOIP)។ កិច្ចប្រជុំបានស្វាគមន៍នូវវឌ្ឍនភាពនៃការសម្រេចបានសមិទ្ធផលរបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ដែល រួមមាន វឌ្ឍនភាពក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពស្ថាប័នអាស៊ាន និងការគំាទ្រទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គីអាស៊ាន នៅក្នុងកិច្ចសហការជាមួយនឹងដៃគូខាងក្រៅរបស់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានរំពឹងទុកនូវការចុះហត្ថលេខារបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លើលិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងបានស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូលជាភាគីនៃ TAC នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្រេចផ្ដល់ឋានៈជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានជូនទៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។
កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ក៏ដូចជា បញ្ហាផ្សេងៗ ដែលតម្រូវនូវការយកចិត្ដទុកដាក់ និងការឆ្លើយតបរួមគ្នា។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងកិច្ចសហប្រតិបត្ដិការជាមួយដៃគូខាងក្រៅទាំងអស់។ យន្តការដែលដឹកនាំដោយអាស៊ាននៅតែជាយន្តការដែលមានសារៈសំខាន់ខ្ពស់ចំពោះការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ការអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវឌ្ឍស្របតាមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ព្រមទាំងត្រូវផ្ដោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាបន្ន។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមអំពីភាពចាំបាច់ ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាបន្ន ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅនានា។ លើសពីនេះទៀត លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត។
ចំណែកក្នុង កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំបានប្តេជ្ញាចិត្តសារជាថ្មីចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀត ដូចបានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ ហើយ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះ រួមទាំងការអនុវត្តផែនការសកម្មភាព (២០២៣-២០២៧) ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំបានអនុម័តឯកសារទស្សនទាន ស្តីពីលទ្ធភាពនៃគំនិតផ្តួចផ្តើមរួមគ្នារវាងទីភ្នាក់ងារសម្រាប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (OPANAL) និងអាស៊ាន នៅក្នុងឆ្នាំ២០២៣ នេះ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធនុយក្លេអ៊ែរទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគុណសម្បត្តិនៃវិធីសាស្រ្ត «មកមុនទទួលមុន» សម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន «ខបម្រុង» ដើម្បីជំរុញដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចុះហត្ថលេខាជាបន្តបន្ទាប់។ លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជា ចំពោះការស្ម័គ្រចិត្តរបស់ចិន ក្នុងការចុះហត្ថលេខាលើពិធីសារនេះមុនគេ ដោយគ្មាន “ខបម្រុង” ហើយដូចបានស្នើដោយប្រធានអាស៊ាន ការចុះហត្ថលេខាលើពិធីសារខាងលើអាចនឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំនេះ។
សម្រាប់ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) រដ្ឋមន្រ្តីការបរទេសអាស៊ានបានកត់សម្គាល់លើរបាយការណ៍ប្រចាំឆ្នាំ២០២៣ (ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣) របស់ AICHR និងបានអនុម័តកម្មវិធីឬសកម្មភាពអាទិភាពរបស់ AICHR ក្នុងឆ្នាំ២០២៤ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងដល់ការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្ស នៅក្នុងតំបន់។ លោកឧបនាយករដ្ឋមន្ត្រីបានចែករំលែកនូវទស្សនថា ដោយហេតុអាស៊ានមានវប្បធម៌សម្បូរបែប និងផ្នែកនយោបាយចម្រុះ ប្រទេសសមាជិកអាស៊ាននីមួយៗមានយុទ្ធសាស្រ្តពាក់ព័ន្ធទៅនឹងកិច្ចការសិទ្ធិមនុស្សផ្សេងៗគ្នា ក្នុងការជំរុញរបៀបវារៈសង្គម និងបរិបទរៀងៗខ្លួន។ លោកឧបនាយករដ្ឋមន្ត្រីក៏បាន ស្នើឱ្យ AICHR ពិចារណាអំពីការរៀបចំនិងបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំដែលចងក្រងសកម្មភាព និងកម្មវិធីនានាដែលអាស៊ាននិងប្រទេសសមាជិកអាស៊ាននីមួយៗសម្រេចបាន ក្នុងកិច្ចការពារនិងការលើកកម្ពស់សិទ្ធិមនុស្ស នៅក្នុងប្រទេសរៀងៗខ្លួន។
នៅក្រៅកិច្ចប្រជុំខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសទទួលជួបទ្វេភាគីជាមួយ លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ និងលោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មព្រុយណេទី២ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ព្រមទាំងបានផ្លាស់ប្តូរទស្សនអំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម៕