(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសច្បាប់ ដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីត្រៀមសម្រាប់ការទទួល និងការដោះស្រាយបណ្តឹងនានា ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ។

នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាធម្មនុញ្ញ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា «ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូលជាតិ ដែលធានាការពារការគោរពរដ្ឋធម្មនុញ្ញ យើងត្រូវតាមដាន ដោយប្រុងប្រយ័ត្នចំពោះការអនុវត្តច្បាប់របស់បុគ្គលពាក់ព័ន្ធទាំងអស់ ជាពិសេសការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧នេះ ដើម្បីធានាបាននូវលទ្ធផលនៃការបោះឆ្នោតមួយស្របតាមច្បាប់ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ»

ថ្លែងក្នុងនាមលោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានណែនាំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៣ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យបន្តបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងរួមចំណែកធានាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសការពង្រឹងគោលការណ៍សន្ដិសុខ គតិយុត្តិដែលជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ ជាអាទិ៍ បំពេញកិច្ចការចំពោះមុខ គឺការដោះស្រាយវិវាទបោះឆ្នោត និងបំពេញកិច្ចការផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ក៏បានលើកឡើងផងដែរថា គុណតម្លៃស្នូលរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺ «គោរពនីតិរដ្ឋ ការពារឯករាជ្យ អនុវត្តអព្យាក្រឹតភាព» និងបានលើកឡើងនូវគោលគំនិតសម្រាប់អនុវត្តចំនួន៣សំខាន់ៗគឺ (១) ការលើកកម្ពស់សុក្រឹតភាពនៅក្នុងការអនុវត្តសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (២) ពង្រឹងការជឿជាក់ និងការទុកចិត្តក្នុងចំណោមមជ្ឈដ្ឋានសាធារណៈ និងទី(៣) បញ្រ្ជាបគោលការណ៍ធម្មនុញ្ញនិយមក្នុងការយល់ដឹងរបស់មជ្ឈដ្ឋានសាធារណៈ ដែលក្នុងចំណុចទី៣នេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានផ្តួចផ្តើមគំនិតឱ្យមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិត គឺកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលជាង ៧ ឆ្នាំ កន្លងមកនេះក្រោមការដឹកនាំរបស់ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានអភិវឌ្ឍជាជំហានៗ រួមមាន៖ អគារធ្វើការថ្មី ឧបករណ៍ សម្ភារៈបម្រើការងារទំនើបៗ ជាពិសេសសមត្ថភាព និងជីវភាពមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានយកចិត្តទុកដាក់ និងកាន់តែល្អប្រសើឡើងជាជំហានៗ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានថ្លែងនូវការកោតសរសើរចំពោះ អគ្គនាយក ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រី បុគ្គលិកទាំងអស់ ដែលបានរួមគ្នាខិតខំបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន រហូតទទួលបាននូវលទ្ធផលគួរជាទីមោទនៈជូន ស្ថាប័ន និងបានណែនាំឱ្យបន្តសហប្រតិបត្តិការ និងមានសាមគ្គីភាពល្អទាំងក្នុងក្របខ័ណ្ឌស្ថាប័ន ផ្ទៃក្នុង និងទាំងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានគូសបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញទាំង ៩ រូប និងអង្គ មានការជឿជាក់លើសក្តានុពលនៃធនធានមនុស្ស និងបទពិសោធនៃមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឆ្ពោះទៅសម្រេចទិសដៅការងារដែលនៅសេសសល់ចំពោះមុខ៕