(បាងកក)៖​ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍នៅរសៀលថ្ងៃទី២៨នេះ បានឲ្យដឹងថា មានករណីភ្លើងឆេះមួយបានកើតនៅលើ នៅអគាររោងកុង Major Cineplex Pinklao ប៉ុន្តែឲ្យមានការ​ភិតភ័យ​ស្លន់ស្លោ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួសឡើយ។

មន្ត្រីជាន់ខ្ពស់ផ្នែកពន្លត់អគ្គីភ័យ បានឲ្យដឹងថា ភ្លើងបានឆេះចេញពីជាន់ខ្ពស់ទី៣ នៃអគារខាងលើ​​ ដែលស្ថិតនៅ​តាមបណ្ដោយផ្លូវ Boromratchonnanee Road ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ​អស់​ ៤០គ្រឿង។

គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គីភ័យនេះឡើយ ប៉ុន្តែ​បើតាមការប៉ាន់ប្រមាណ ​របស់​មន្ត្រី​ពន្លត់អគ្គីភ័យម្នាក់​ បានឲ្យដឹងថា វាអាចបណ្ដាលមកពីឧបករណ៍ពិសេសម្យ៉ាង ដែលបង្កជាឧស្ម័នពុល រួចកើត​ចេញជា​ចំហេះ ទើបបណ្ដាលឲ្យឆេះតែម្ដង។

គួរបញ្ជាក់ផងដែរថា​ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង ១១៖៣០នាទី ហើយរហូតដល់ ម៉ោងជិត​២រសៀលនេះ ទើបពន្លត់អស់៕