(ត្បូងឃ្មុំ)៖ លោក ថេង ច័ន្ទសង្វារ អនុប្រធានយុវជន គណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សចំនួន៩៣៨នាក់ នៅភូមិទួលសំបូរ នៃឃុំជប់ និងភូមិរកាឃ្នួចត្បូង នៃឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោត ឱ្យត្រឹមត្រូវក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្ស ប្រជាជនកម្ពុជា។
លោកបានថ្លែងថា ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រ គណបក្សប្រជាជនកម្ពុជា មួយសំឡេង ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ និងបានអំពាវនាវ ឱ្យសមាជិកគណបក្សអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។
លោកក៏បានក្រើនរំលឹកដល់សមាជិកគណបក្ស ឱ្យត្រៀមឯកសារបម្រើឱ្យការបោះឆ្នោត ពោលគឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានរួចរាល់។ ប្រសិនបើមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់មេភូមិនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសម្របសម្រួលធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាចបោះឆ្នោតបាន។
ជាមួយគ្នានេះដែរ លោកក៏បានជម្រាប ដល់សមាជិកគណបក្សទាំងអស់ ឱ្យបានយល់ដឹង ពីសេចក្តីប្រកាស ព័ត៌មានថ្មី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមកុំឱ្យលង់ជឿចាញ់ បោកទង្វើទុច្ចរិតរបស់បុគ្គលទាំងឡាយណា ដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ឬធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត ដែលជាទង្វើមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំពានសិទ្ធិប្រជាពលរដ្ឋ និងជាបទល្មើសព្រហ្មទណ្ឌ។
អង្គពិធីទាំងមូលបានប្រកាសគាំទ្រ ជាឱឡារិក សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕