(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ បាន និងកំពុងដឹកនាំក្រុមការងារចុះពិនិត្យ ការដ្ឋានជួសជុលផ្លូវជាតិលេខ២១ ដែលភ្ជាប់ពីក្រុងតាខ្មៅ ខេត្តកណ្តាល ទៅព្រំប្រទល់ប្រទេសវៀតណាម បន្ទាប់ពីមានផ្ទុះភាពមិនប្រក្រតីមួយចំនួន អំពើការដេញថ្លៃសាងសង់ ក៏ដូចជាការផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុន ការសាងសង់មិនដាក់ស្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សូមជម្រាបថា ផ្លូវជាតិលេខ ២១ មានប្រវែង ៦៣,៦គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ផ្លូវជាតិលេខ២១ ត្រូវបានជួសជុលក្រោមកម្ចីឥណទានលេខ KHM-12 (EDCF-EXIM BANK OF KOREA) ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរេ ដែលមានថវិកាសរុប ចំនួន៦១.៦លានដុល្លារ។ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារ និងថវិកាបដិភាគ ៩,០៦ លានដុល្លារ។
គម្រោងនេះត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនអន្តរជាតិ DASAN Consultant Co.Ltd និងសាងសង់ដោយក្រុមហ៊ុន Hanshin E&C Co.Ltd ។ ផ្លូវជាតិលេខ ២១ នេះគឺជាផ្លូវមួយដែលមានចំងាយជិតជាងគេពីភ្នំពេញទៅវៀតណាម ផ្លូវជាតិនេះបានចាប់ផ្តើមធ្វើការស្តារ ទន្ទឹមគ្នានឹងនយោបាយ តភ្ជាប់សមាហរណកម្មផ្ទៃក្នុងជាតិ។
ផ្លូវជាតិលេខ២១ នេះ នឹងក្លាយទៅជាសរសៃឈាមដ៏សំខាន់មួយ រួមចំណែកកែប្រែតំបន់ដាច់ស្រយាលតាមព្រំដែន អាចភ្ជាប់មកជាទីប្រជុំជនបង្កលទ្ឋភាព ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសក្នុងស្រុកកោះធំ និងស្រុកស្អាង។ ម្យ៉ាងទៀតផ្លូវនេះ នឹងក្លាយទៅជាបណ្តាញផ្លូវដឹកជញ្ជូនទំនិញ និងផលិតផលផ្សេងៗ របស់ប្រជាពលរដ្ឋមកកាន់ទីក្រុងភ្នំពេញ និងទៅវៀតណាមផងដែរ។ កាលណាមានផ្លូវល្អហើយនោះ តម្លៃនៃការ ដឹកជញ្ជូនក៏ចុះថោកដែរ៕