(ពោធិ៍សាត់)៖ រថយន្តគិលានសង្គ្រោះ (Ambulance) ចំនួន០២គ្រឿង ដែលជាអំណោយរបស់រោងចក្រដំឡើងរថយន្ត FORD នៃក្រុមហ៊ុន អ.អិម.អេ អូតូម៉ូធីវ ខេមបូឌា ត្រូវបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅបរិវេណរោងចក្រដំឡើងរថយន្ត FORD ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដើម្បីចូលរួមចំណែកបម្រើដល់វិស័យសុខាភិបាល នៅក្នុងខេត្តពោធិ៍សាត់។
ពិធីនេះធ្វើឡើងស្របគ្នាក្នុងឱកាសអបអរសាទរខួប១ឆ្នាំ នៃរោងចក្រដំឡើងរថយន្ត FORD ដោយបានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកស្រី Kay Hart ប្រធានទីផ្សារអន្តរជាតិ, លោកស្រី Yukontorn Wisadkosin ប្រធានទីផ្សារសម្រាប់តំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford Motor Company និងលោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group ព្រមទាំងភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋាន បុគ្គលិកក្រុមហ៊ុន និងក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម យ៉ាងច្រើនកុះករ។
បើតាមលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ.អិម.អេ អូតូម៉ូធីវ ខេមបូឌា បានឱ្យដឹងថា ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពល និងដឹកជញ្ជូន សម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម និងមានបុគ្គលិករហូតដល់ជាង៤ពាន់នាក់។ យើងខ្ញុំបានចាប់ផ្តើម នាំចូល និងចែកចាយផ្តាច់មុខ រថយន្តម៉ាក FORD ក្នុងឆ្នាំ១៩៩៨។ នៅពេលនោះ រថយន្តម៉ាកផ្សេងទៀត បានមានវត្តមាននៅក្នុងនៅផ្សារកម្ពុជា រួចមកហើយ ហើយទីផ្សារត្រូវបានគ្របដណ្ដប់ដោយដៃគូប្រកួតប្រជែង ជាពិសេសទីផ្សាររថយន្តប្រភេទ Pickup។
លោកអគ្គនាយកបានបន្ថែមថា ដោយសារកេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តលើរថយន្តម៉ាក Ford នៅកម្ពុជា អំពីការផ្តល់ដំណោះស្រាយជូនអតិថិជនបានទាន់ពេលវេលា ជាមួយនឹងផលិតផលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ តាមរយៈកំណើនសេដ្ឋកិច្ច និងកម្រិត GDP របស់ប្រជាជនកម្ពុជានោះ ក្រុមហ៊ុនបានសម្រចចិត្តបង្កើតរោងចក្រដំឡើងរថយន្តFORD ដោយទទួលបានសិទ្ធិពេញលេញ ក្នុងការដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន៣,០០០គ្រឿង ដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ វត្តមានរបស់រោងចក្រនេះ គឺជាការចាប់ផ្តើមនៃវិស័យផលិតយានយន្ត ពីកម្រិតដំឡើង ទៅជាកម្រិតផលិត ដើម្បីឱ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រៅពីការពង្រីកអាជីវកម្ម ក្រុមហ៊ុនក៏បានចូលរួមសកម្មភាពមនុស្សធម៌ ការងារសង្គម និងបានវិនិយោគលើការបង្កើតវគ្គបណ្តុះបណ្តាលបច្ចេកទេស និងជំនាញផ្សេងៗ ដល់សិស្សនិសិត្ស ដើម្បីទទួលបានឱកាសសិក្សា និងអនុវត្តផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើង។
ជាក់ស្ដែងដូចថ្ងៃនេះ យើងខ្ញុំបរិច្ចាគរថយន្តគិលានសង្គ្រោះ ចំនួន២គ្រឿង ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកបម្រើដល់វិស័យសុខាភិបាល ក្នុងខេត្តពោធិ៍សាត់។ ការវិនិយោគ នៃរោងចក្រដំឡើងរថយន្តFORD ក្នុងទឹកដីខេត្តពោធិ៍សាត់ ជាតំណាងវិនិយោគមួយដ៏ធំ នៅកម្ពុជា និងបានប្រែក្លាយខេត្តពោធិ៍សាត់ ពីខេត្តដែលពឹងផ្អែកលើវិស័យកសិកម្ម មកជាខេត្តឧស្សាហកម្ម ជាមួយនឹងសក្តានុពលឧស្សាហកម្មបន្ថែមទៀតនាពេលខាងមុខ។
បន្ថែមពីនោះ រោងចក្រដំឡើងរថយន្ត FORD ក៏បានចូលរួមចំណែក ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា តាមរយៈការនាំមកនូវ បច្ចេកវិទ្យាថ្មី ជាពិសេសបច្ចេកវិទ្យាដំឡើងរបស់រថយន្តFord ស្របតាមស្តង់ដារអន្តរជាតិ ការនាំមកនូវផលិតផលថ្មី ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់រថយន្ដថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក ការបង្កើនចង្វាក់ផលិតកម្មក្នុងស្រុក ការទាក់ទាញរោងចក្រដំឡើងរថយន្តផ្សេងទៀត ឱ្យវិនិយោគនៅកម្ពុជា និងការទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀត មកវិនិយោគនៅកម្ពុជា ជាពិសេសអ្នកវិនិយោគពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្តដូចជា៖ សំបកកង់ ខ្សែភ្លើង អាគុយ និងការវិនិយោគផ្សេងៗទៀត៕