(កណ្ដាល)៖ ខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ,នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានរៀបចំកម្មវិធីបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដោយមានការចូលរួមពីកងកម្លាំងក្រោមឱវាទជិត២០០នាក់ និងប្រជាពលរដ្ឋចូលរួម១០នាក់។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើងថា ក្រៅអំពីការងារស្នួល កងរាជអាវុធខេត្តកណ្តាល តែចូលរួមសកម្មការងារសង្គម មនុស្សធម៌នានា និងជាលើកទី១១ហើយ គិតត្រឹមឆ្នាំ២០១៥មក ដែលកងរាជអាវុធហត្ថខេត្ត បានផ្តល់ឈាមដើម្បីសង្គ្រោះជីវិត។ ហើយដើម្បីអបអរខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ ទើបយើងបង្កើតនូវយុទ្ធនាការនេះឡើង ដោយមាននាយរង នាយទាហាន ចំនួន ១៩២នាក់ចូលរួម ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ជាលទ្ធផលទទួលបានឈាមសរុប១៤២ប្លោក។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ពក សាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានអះអាង ការផ្តល់ឈាមពិតជាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញមានតែធ្វើឱ្យមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត ចាក់ស្តែង រូបលោកផ្ទាល់ ធ្លាប់បានធ្វើការផ្តល់ឈាមចំនួន១៣លើកមកហើយ និងសូមឱ្យបងប្អូនចូលរួមបរិច្ចាកឈាមឱ្យបានផុលផុសដើម្បីសង្គ្រោះជីវិតមនុស្ស។
ស្ថិតក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានអំពាវនាវចូលរួមផ្តល់ឈាម ខណៈ ៦នាទីត្រូវការឈាម១ប្លោក ដើម្បីសង្គ្រោះជីវិត ហើយចាំបាច់ណាស់ គេត្រូវការឈាមចំនួន ១៦ម៉ឺនប្លោក ក្នុង១ឆ្នាំ ទើបអាចឆ្លើយតបនឹងតម្រូវការឈាមនេះ ។ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្សមិនមានរោងចក្រឱសថណាផលិតបានទេ និងកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល។
លោកថាឈាមពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ អ្នកជំងឺ ស្ត្រីសំរាលកូន ដែលក្នុង១ថ្ងៃគិតជាមធ្យមមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រមាណ២៥០ប្លោក ជារៀងរាល់ថ្ងៃ ពោលក្នុង១នាទី គឺត្រូវការឈាមចំនួន១ប្លោក ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ។ ដូច្នេះ សូមចូលរួមបរិច្ចាកដើម្បីបង្កើតទម្លាប់និងវប្បធម៌ផ្តល់ឈាម ក្នុងសកម្មភាពមនុស្សធម៌ឱ្យបានផុលផុស ព្រោះការបរិច្ចាគឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ ថែមទាំងឱ្យយើងបានដឹងពីស្ថានភាពនៃជំងឺឆ្លងផ្សេងៗនិងជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីក កាត់បន្ថយកំហាប់ឈាម ការលើសជាតិដែកធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែងធ្វើឱ្យប្រសើរឡើងសុខភាពបេះដូងកាត់បន្ថយជំងឺដាច់សសៃរឈាមក្នុងខួរក្បាល និងធ្វើឱ្យចិត្តសប្បាយស្រស់ថ្លាទៀតផង។
លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងរាជអាវុធហត្ថខេត្តកណ្តាល ដែលជានិច្ចជាកាលតែងចូលរួមផ្តល់ឈាមនិងបំផុសចលនានេះដល់ពល និងនាយទាហាន ព្រមទាំងប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាកឈាម យ៉ាងសស្រាក់សស្រាំ ជាក់ស្តែងថ្ងៃនេះ យើងទទួលបានឈាមចំនួន ១៤២ប្លោក៕