(ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារចូលរួមក្បួនដង្ហែលើកទី២ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានប្រជាពលរដ្ឋចូលរួមដង្ហែយ៉ាងច្រើនកុះករ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។
ព្រមជាមួយគ្នានោះដែរ នៅក្នុងផេកផ្លូវការរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង បានបង្ហោះនូវសារសម្តែងមនោសញ្ចេតនារំភើបជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋសង្កាត់ព្រែកកំពឹស ដែលមានខ្លឹមសារទាំងស្រុងថា៖ « អរគុណសន្តិភាព! ជយោ គណបក្សប្រជាជនកម្ពុជា!»។
សូមអរគុណបងប្អូនសង្កាត់ព្រែកកំពឹសគ្រប់គ្នា ដែលបានចូលរួមក្បួនដង្ហែ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ជាមួយខ្ញុំដោយផ្ទាល់ ជាលើកទី២ យ៉ាងច្រើនកុះករ។
លោកបានលើកឡើងថា ពិតជារំភើបខ្លាំងណាស់ ដែលបានឃើញបងប្អូនគាំទ្រ គណបក្សប្រជាជនកម្ពុជា ពេញទំហឹង គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕