(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំសំខាន់ចំនួន ៦លើក ពាក់ព័ន្ធនឹងតំបន់អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី។

កិច្ចប្រជុំទី១ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនគណៈកម្មការស្តីពីការពិនិត្យមើលឡើងវិញ នៃវឌ្ឍនភាពនៅក្នុងការអនុវត្តផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ពីឆ្នាំ២០២៣ ដល់២០២៧។ នៅក្នុងកិច្ចប្រជុំនោះដែរក៏បានពិភាក្សាពីទិសដៅបន្ត ស្តីពីការចូលក្នុងពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ របស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរផងដែរ។

នៅនៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយគណៈកម្មការអន្តរ-រដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR)។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់ឡើងវិញនូវការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ AICHR ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់។ AICHR ក៏បានចេញសេចក្តីថ្លែងការណ៍ និងបានដាក់របាយការណ៍ប្រចាំឆ្នាំ ២០២៣ ជូនដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ផងដែរ។

ជាបន្ទាប់លោកបណ្ឌិត កៅ គឹមហួន បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាព នៃការកសាងសហគមន៍អាស៊ាន ស្ថានភាពនៃទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ព្រមទាំងបញ្ហាបន្ទាន់ៗមួយចំនួនដែលតំបន់កំពុងតែប្រឈម។

សម្រា់នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម។ 

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីជំរុញកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍អាស៊ាន ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងសាមគ្គីភាពអាស៊ាន ស្របពេលដែលនិម្មាបនកម្មតំបន់កំពុងតែវិវត្តន៍។

លោកបណ្ឌិត កៅ គឹមហួនបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Enrique A. Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនៃការកសាងសហគមន៍អាស៊ាន ព្រមទាំងរិះរកវិធី និងមធ្យោបាយ ដើម្បីរក្សាមជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់។

ដោយឡែកនៅនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់អំពីការចូលរួមចំណែកដ៏មានសារៈសំខាន់របស់ព្រុយណេ ដើម្បីធានាថា អាស៊ាននៅតែជាសហគមន៍ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាធំ រួមទាំង តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជា៖ កម្មវិធីអាហារូបករណ៍វ័យក្មេងអាស៊ាន និងសេចក្តីប្រកាសទីក្រុងបានដា សេរី បេហ្គាវ៉ាន់ ស្តីពីគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សារភ្ជាប់រាល់ការឆ្លើយតបរបស់អាស៊ាន ចំពោះគ្រោះមហន្តរាយ និងការសង្រ្គោះបន្ទាន់ (ASEAN SHIELD) ជាដើម៕