(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៣នេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់រដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា២០២៣-២០២៥។

ជំនួបនេះបានធ្វើឡើងនៅស្ដីការក្រសួងសុខាភិបាល ដែលមានការចូលរួមពីក្រុមជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋាភិបាលប្រទេសជប៉ុន (JDS) ចំនួន ២៤រូប។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការស្វាមគន៍ និងអបអរសាទរ ដល់ជ័យលាភីទាំង ២៤រូប ជាមន្ត្រីរាជការមកពីក្រសួង ស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានមន្ត្រីសុខាភិបាលចំនួន ០៣រូប ដែលបានទទួលអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល០២ឆ្នាំ (២០២៣-២០២៥) នៅតាមសាកលវិទ្យាល័យនានានៃប្រទេសជប៉ុន។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានចែករំលែកនូវបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងការរៀនសូត្រ ការរស់នៅ និងប្រពៃណីទំនៀមទម្លាប់ការរស់នៅក្រៅប្រទេស ពិសេសរបស់ប្រទេសជប៉ុន ដែលលោកស្រីធ្លាប់បានទៅសិក្សារយៈពេល ០១ឆ្នាំ។

ទន្ទឹមនឹងនោះ លោកស្រីបានលើកទឹកចិត្ដដល់ក្រុមជ័យលាភីទាំង ២៤រូប ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីចាប់យកទាំងចំណេះដឹង បច្ចេកទេស និងជំនាញថ្មីៗ និងបទពិសោធន៍ល្អៗ ពីប្រទេសជប៉ុន ដែលជាប្រទេសមានការរីកចម្រើន លូតលាស់ រួមទាំងបច្ចេកវិទ្យាថ្មីៗទំនើប ដើម្បីយកមកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យសម្រេចបាននូវគោលដៅជាប្រទសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាចុងក្រោយ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណ និងជូនពរដល់ជ័យលាភីទាំង ២៤រូប មានសុខភាពល្អ និងជោគជ័យក្នុងការសិក្សា ព្រមទាំងប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅ ប្រទេសជប៉ុន។

ជាការឆ្លើយតប ក្រុមបេក្ខជនជ័យលាភី បានសម្ដែងនូវសប្បាយរីករាយជាអនេក និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដែលទទួលបាននូវការអនុញ្ញាត ដើម្បីបានចូលជួបសម្ដែងការភារវកិច្ចគួរ សម និងទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល មុនពេលចេញដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងន័យសំដៅទទួលបានការណែនាំតម្រង់ទិសជាគន្លឹះសម្រាប់ជាទស្សនទាន ក្នុងការបន្តបំពេញបេសកកម្មសិក្សា ក៏ដូចជាបំពេញការងារនៅតាមស្ថាប័ននានានៅពេលអនាគត។

កម្មវិធីអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហៅកាត់ថា JDS បានផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព មានស្មារតីក្នុងការចូលរួមបង្កើត និងអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងដឹកនាំអភិវឌ្ឍប្រទេសកាន់តែការវិវត្តរីកចម្រើនឥតឈប់ឈរ គ្រប់វិស័យលើឆាកជាតិ និងឆាកអន្តរជាតិ។

កម្មវិធីអាហារូបករណ៍ជប៉ុននេះក៏មានគោលបំណងចូលរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន តាមរយៈការផ្ដល់ឱកាសបណ្តុះបណ្តាលនិស្សិតកម្ពុជាស្របទៅតាមស្ដង់ដារអប់រំប្រទេសជាមុនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ចេង គឹមអូន ដែលជាបេក្ខជនជ័យលាភីមួយរូប នៃអាហារូបករណ៍ខាងលើនេះ៕