(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកា គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ មានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំយកនូវទៀនវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃ នៅវត្តបវង្ស សង្កាត់ចំរើនផល និងវត្តកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសគង់ចាំព្រះវស្សាអស់កាល៣ខែ។

តាមការឲ្យដឹងពីលោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ឱ្យតែឈានចូលរដូវបុណ្យទៀនម្តងៗ លោកស្រីជាសមាជិកាប្រតិបត្តិ ជាថ្នាក់កិត្តិយស រួមទាំងសមាជិកាគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តែងតែបានរួបរួមសាមគ្គីគ្នា បរិច្ចាកទាំងថវិកា និងសម្ភារៈ ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្ត ដែលអត្តខាត់ និងនៅជនបទ។ លោកស្រីរួមទាំងគណៈកម្មការ និងអាចារ្យតំណាងវត្តនីមួយៗ បានសម្តែងនូវទឹកចិត្តសោមនស្សក្រៃលែង ចំពោះលោកស្រី ឯម ប៉ុណ្ណា បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងលោកស្រី ជាសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បានចំណាយធនធានផ្ទាល់ខ្លួន ចូលរួម និងនាំយកមកនូវទៀនចំណាំព្រះវស្សា រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃ សម្រាប់ទ្រទ្រង់នារដូវគង់ចាំព្រះវស្សាអស់កាល៣ខែ។

លោកស្រី ឯម ប៉ុណ្ណា បានថ្លែងការកោតសរសើរដល់គណៈកម្មការអាចារ្យ ដែលមានជំនឿលើវិស័យព្រះពុទ្ធសាសនា, ជារៀងរាល់ឆ្នាំសាខាសមាគមនារីតែងតែនាំយកមកនូវទៀនចំណាំព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ទីកន្លែងគោរពបូជា របស់ពុទ្ធបរិស័ទគ្រប់ៗរូប។

លោកស្រីបានលើកឡើងថា ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់​ប្រជា​​ពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យ​ចូល​ព្រះ​វស្សា។ បុណ្យចូលព្រះវស្សានៅឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃ​ទី​២ ខែសីហា ឆ្នាំ២០២៣។ បុណ្យចូលព្រះវស្សាដែលមានរយៈពេល​ប្រមាណជា៣ខែនេះ ជាពេលវេលាមួយដែលព្រះសង្ឃពិបាកនិមន្ត​បិណ្ឌ​​បាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុនេះហើយ ទើបប្រជាពុទ្ធ​បរិ​ស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សាសម្រាប់អុជបំភ្លឺ​ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជា​ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។

សូមបញ្ជាក់ថា ឆ្នាំនេះដោយបានការចូលរួមបន្ថែមពី លោកស្រី អាំង សុជាតា ខូយរីដា ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មការ និងសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានរៀបចំទៀនចំណាំព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ យកទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាដល់ទីកន្លែង ចំនួន២វត្ត គឺវត្តបវង្ស សង្កាត់ចំរើនផល និងវត្តកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយក្នុងមួយវត្ត បច្ច័យកសាង១លានរៀល, ប្រគេនបច្ច័យបួនសម្រាប់ព្រះសង្ឃ បច្ច័យមួយចំនួន, ទៀនព្រះវស្សាមួយគូរ, អង្ករ១០០គីឡូក្រាម ក្រៅពីនោះគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនទៀត។ សម្រាប់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ ប្រតិភូនឹងបន្តនាំយកទៀនចំណាំព្រះវស្សា ជូនដល់បូជនីដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ  និងវត្តហង្សាបីតិ ហៅវត្តព្រែកស្តីផងដែរ៕