(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបង្ហាញនូវភាពរំភើបសប្បាយរីករាយដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ប័ណ្ណសរសើរជូនដល់មន្ដ្រីបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ កន្លងមកនេះ។
លោករដ្ឋមន្ដ្រីបន្ដថា «នេះជាសក្ខីភាពមួយក្នុងការផ្ដល់នូវសេចក្ដីទុកចិត្ដ របស់សម្ដេចតេជោ ដល់ក្រសួង ក៏ដូចជាមន្ដ្រីបុគ្គលិកសុខាភិបាល ដែលបានប្រតិបត្ដិនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធ នឹងជំងឺកូវីដ១៩ ហើយក៏ជាការងារមួយដែលយើងរៀនសូត្រផង និងដកបទពិសោធន៍ផង។ ការយកចិត្ដទុកដាក់ របស់ សម្ដេចតេជោ នាយករដ្ឋមន្រី្ដ គឺបានជំរុញលើកទឹកចិត្ដដល់បុគ្គលិកសុខាភិបាល ឱ្យខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសុខភាពប្រជាពលរដ្ឋយើង ឱ្យកាន់តែប្រសើរឡើង ហើយគួរជាទីគាប់ចិត្ដរបស់ប្រជាពលរដ្ឋយើង» ។
លើសពីនោះលោកសាស្ដ្រាចារ្យ បានបន្ដជំរុញដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បន្តរៀនសូត្របន្ថែម ធ្វើឱ្យយើងដើរទាន់សកម្មភាពនៃការវិវត្តរបស់ជំងឺដែលចេះតែវិវត្តថ្មីៗ ជារៀងរាល់ថ្ងៃ ដូចជាជំងឺកូវីដ១៩ ជាឧទាហរណ៏ស្រាប់ ។ «ព្រោះពេលមានការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវនេះ មិនមានប្រទេសណាមួយ មានស្តង់ដានៃការព្យាបាលទេ គឺព្យាបាលតាមបទពិសោធន៍ជាក់ស្តែង នៃប្រទេសរៀងៗខ្លួន ទំរាំយើងមានឱសថសម្រាប់ធ្វើការព្យាបាលជំងឺមួយនេះ»។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយព្យាបាលជំងឺកូវីដ១៩ ក្នុងកាលៈទេសៈដ៏ពិបាក ប៉ុន្តែកម្ពុជាបានឆ្លងរួច និងទទួលបានការកោតសរសើរពីគ្រប់មជ្ឍដ្ឋាន ទាំងជាតិ និងអន្តរជាតិ ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជានេះ លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានគូសរម្លឹកថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលរួម និងដើរតួនាទីសំខាន់លើការងារទប់ស្កាត់ការព្យាបាល ការចាក់វ៉ាក់សាំង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងបានទទួលអ្នកជំងឺកូវីដ១៩សម្រាកសរុបចំនួន ៣,៥៥២នាក់ ធ្វើសំណាកបានចំនួនជាង៧ម៉ឺន៤ពាន់នាក់ (៧៤,១២៦)សំណាក និងធ្វើតេស្តរហ័សបានចំនួនជាង៦ម៉ឺន( ៦២,២២៦)តេស្ត។ ជាមួយគ្នានេះក្រុមគ្រូពេទ្យក៏ចូលរួមចំណែកជួយបណ្តុះបណ្តាលដល់ក្រុមគពេទ្យ គិលានុបដ្ឋាក នៅតាមបណ្តាខេត្តនានាផងដែរ។
សូមជម្រាបថា មន្ទីរពេទ្យខាងលើនេះ ក៏ទទួលបាននូវការកោតសរសើរពីរាជរដ្ឋាភិបាលអំពីការចូលរួមប្រយុទ្ធ ប្រឆាំង និងការពារការរីករាលដាល់នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះក្រុមគ្រូពេទ្យ ជំនាញដែលបានដឹកនាំព្យាបាលនៅមជ្ឈមណ្ឌលនានា ក៏បានទទួលនូវការទុកចិត្ត និងលើកទឹកចិត្តឲ្យក្លាយជាថ្នាក់ដឹកនាំនៅមន្ទីរពេទ្យថ្នាក់ជាតិមួយចំនួនផងដែរ ក្រោមការចង្អុលបង្ហាញពីលោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណកម្មការអន្តរក្រសួងប្រយុទ្ឋនឹងជំងឺកូវីដ១៩ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលបានគិតគូរហ្មត់ចត់ និងបានលើកទឹកចិត្ត ព្រមទាំងផ្តល់ មធ្យោបាយគ្រប់បែបយ៉ាងដល់មន្ត្រី និងអង្គភាពក្រោមឱវាទ និង ពាក់ព័ន្ធទាំងអស់៕