(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ការងារសន្តិសុខសណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ គឺមិនមានព្រឹត្តិការណ៍អ្វីគួរឲ្យកត់សម្គាល់ រំខានដល់កិច្ចដំណើរការឃោសនា រកសំឡេងឆ្នោតនោះទេ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងទៀតថា កិច្ចការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់របស់សមត្ថកិច្ច មួយរយៈកន្លងទៅនេះ ឃើញថាមានភាពល្អប្រសើរ ដោយពុំមានហេតុការណ៍អ្វីគួរឱ្យគាត់សម្គាល់នោះទេ ជាពិសេសក្នុងកំឡុងពេល បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងខែមិថុនាកន្លងទៅ មានករណីបទល្មើសព្រហ្មទណ្ឌ ៤លើក គឺស្មើទៅនឹង ខែឧសភា ឆ្នាំ២០២៣។ ចំពោះការបង្ក្រាបទល្មើសគ្រឿងញៀន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក៏បាន បង្កើតការបង្ក្រាប ២៩លើ២៨ ករណី ដូចជាការជួញដូរ ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ដោយឡែកចំពោះគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ១២ លើ ១១លើកនៅក្នុង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងចំណោម ១០៩ឃុំសង្កាត់ ក្នុងខេត្តកំពង់ចាម មានតែ ៤ឃុំ ប៉ុណ្ណោះ បានកើតឡើងនូវបទល្មើសព្រហ្មទណ្ឌនេះ៕