(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត។
លោក ស៊ុន ចាន់ថុល បានអំពាវនាវយ៉ាងដូចនេះនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណោះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាសរុបប្រមាណ ១៦០០នាក់ មកពីមូលដ្ឋានឃុំកោះធំ "ខ" ស្រុកកោះធំ និងសង្កាត់ព្រែកជ្រៃ នៃក្រុងសំពៅពូន។
បន្ថែមពីនេះលោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនប្រជាពលរដ្ឋត្រៀមឯកសារឱ្យបានរួចរាល់ និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិផងដែរ។
នាឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋទាំង ១៦០០នាក់ មកពីមូលដ្ឋានឃុំកោះធំ "ខ" ស្រុកកោះធំ និងសង្កាត់ព្រែកជ្រៃ នៃក្រុងសំពៅពូន បានបង្ហាញការស្វាគមន៍ និងប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត។ ជាពិសេសជាមួយនឹងការស្រលាញ់ពេញចិត្តឥតងាករេ បងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរឱ្យលោក ស៊ុន ចាន់ថុល បន្តដឹកនាំ និងគ្រប់គ្រងស្រុកកោះធំ និងក្រុងសំពៅពូនជាបន្តទៀតផងដែរ៕