(កណ្តាល)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានបន្តដឹកនាំក្រុមការងារចុះជួយភូមិ គណៈអចិន្ត្រៃយ៍ គណបក្សសង្កាត់ សាខាបក្សភូមិ យុវជន នារី ចុះផ្សព្វផ្សាយគោលនយោបាយ បិទស្ទីកគ័រ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន។

នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។

នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា និងក្រុមការងារ ក៏បានណែនាំដល់បងប្អូនប្រជាពលទាំងអស់ ឲ្យពិនិត្យមើលអត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងសមាជិកគ្រួសារ ប្រសិនបើមានការបាត់បង់ ខូចខាត ឬនិងទិន្នន័យលើបញ្ជី បោះឆ្នោត សូមធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) ឲ្យបានទាន់ពេលវេលា ដើម្បីមានសិទ្ធិទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ជាមួយគ្នានេះ ក្រុមការងារក៏បានបង្រៀនរបៀបគូស សន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកាគណបក្សផងដែរ។

លើសពីនេះ លោកប្រធានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕