(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ នៅលើFacebook Page សម្តេចនៅមុននេះថា សម្តេចនឹកឃើញអនុស្សាវរីយ៍ កាលនៅវ័យ កំលោះ មុនស្រុកកើតសង្គ្រាម ខណៈដែលសម្តេចទស្សនាទន្លេមេគង្គនៃក្រុងក្រចេះ។ ក្រៅពីការលើកឡើងបែបនេះ សម្តេចតេជោ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកដែល បានថតនៅជិតដងទន្លេមេគង្គនៃក្រុងក្រចេះផងដែរ។
យោងតាម Facebook Page សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាទន្លេមេគង្គនៃក្រុងក្រចេះដែលធ្វើឲ្យខ្ញុំ នឹកឃើញអនុស្សាវរីយ៍ កាលខ្ញុំនៅ វ័យកំលោះមុនស្រុកកើតសង្គ្រាម ។ខ្ញុំសូមផ្ញើរូបថតមួយចំនួនជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ស្គាល់ខ្ញុំនៅទីនេះ ក៍ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស»។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងស្ថិតនៅលើទឹកដីខេត្តក្រចេះ ដើម្បីជួបសំណេះសំណាល ជាមួយ បងប្អូនអាជីវករ និងប្រជាពលរដ្ឋ និងសិស្សានុសិស្ស មួយចំនួន នៅក្នុងខេត្តក្រចេះនេះ។
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាល និងចុះសួរសុខទុក្ខ ជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុង សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រចេះក្រុង។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសាងសង់ បន្ទប់រៀន ចំនួន៤៨បន្ទាប់អគារ មាន កម្ពស់៣ជាន់៕