(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតឡើង នៅថ្ងៃទី០៦ កញ្ញា ឆ្នាំ ២០១៨។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជន Elite ដ៏សំខាន់ក្នុងជួររាជរដ្ឋាភិបាល ជា«អ្នកគូសវាសជោគវាសនាកម្ពុជា» ក្នុងគ្រាពិភពលោកប្រឈមជំងឺរាលត្បាតជាសកល ការប្រជែងឥទ្ធិពលគ្នា តែនៅបន្តឈរក្នុងស្មារតីដ៏រឹងមាំដឹកនាំកម្ពុជាឈរលើ «សន្ដិភាព ស្ថិរភាពនយោបាយ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច»។

ក្នុងចំណោមសមិទ្ធផលជាច្រើនក្នុងនោះ គេឃើញមានសមិទ្ធផលសំខាន់ៗចំនួន៣ អ្នកជំនាញចាត់ទុកថា ជោគជ័យខ្លាំងក្នុងអាណត្តិទី៦ គឺការគ្រប់គ្រង «ជំងឺរាតត្បាតសកលកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅភ្នំពេញ និង ការៀបចំព្រឹត្តិការណ៍ប្រកួតកីឡា«ស៊ីហ្គេមលើកទី៣២ និង កីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១២»។ សមិទ្ធផលធំៗទាំង៣ បាននាំ«កិត្តិនាមដែនដីកម្ពុជា»ឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងអាណត្តិទី៦។

បន្ទាប់ពីឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នៅអាណត្តិទី៦ ក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៨។ ក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការងាររដ្ឋ បន្តនាំយកនូវសមិទ្ធផលថ្មីជូនមាតុភូមិកម្ពុជា ឈរក្នុង«គោលនយោបាយឈ្នះៗ» រក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ និង រក្សាបាននូវកំណើនសេដ្ឋកិច្ចបានយ៉ាងល្អ។

ត្រឡប់ទៅនៅខែធ្នូ ឆ្នាំ២០១៩ ប្រទេសនៅលើពិភពលោកទាំងមូលរួមទាំងកម្ពុជាផងប្រឈមនឹង «ជំងឺរាតត្បាតសកល» គឺកូវីដ-១៩ នាំផលលំបាកទាំងផ្នែកសេដ្ឋកិច្ច សង្គម ជាពិសេស ការការពារអាយុជីវិតប្រជាជន។ ថ្ងៃទី ៧ មីនា ឆ្នាំ២០២០ ពលរដ្ឋកម្ពុជាម្នាក់នៅខេត្តសៀមរាប ផ្តើមឆ្លងវីរុស Covid-19 ពីជនជាតិជប៉ុន នាំឱ្យប្រជាជនកម្ពុជាស្ទើរពេញប្រទេស នាំគ្នាភ័យខ្លាច ជ្រួលច្របល់ ដោយសារតែជំងឺនេះ កាចសាហាវ ឆ្លងលឿន និងផ្តាច់ជីវិតលឿន។ ក្នុងនាមរាជរដ្ឋាភិបាល ប្រៀបដូចជាអាណាព្យាបាល និងទទួលខុសត្រូវខ្ពស់ចំពោះជីវិតប្រជាជន បានព្យាយាមរិះរកគ្រប់មធ្យោបាយកាត់បន្ថយ «ការឆ្លងមេរោគ»ពេញផ្ទៃប្រទេស ដោយប្រើវិធានការ ក្តៅផង ត្រជាក់ផង ក្នុងគោលបំណងរក្សា ការពារ អាយុជីវិតប្រជាជន និងសម្រួលផ្នែកសេដ្ឋកិច្ចប្រចាំថ្ងៃ។ សង្គ្រាមជាមួយជំងឺ គឺពិតជាពិបាកជាងសង្គ្រាមលើសមរភូមិផ្ទាល់មើលឃើញជាក់ស្តែង។

សម្តេចតេជោ ហ៊ុន សែន ជា «ជន Elite» អ្នកដឹកនាំគូសវាសយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធជាមួយសត្រូវគ្មានស្រមោលគឺកូវីដ-១៩ ប្រកាសដាក់ចេញនូវវិធានការនានារួមទាំងស្វែងរក «វ៉ាក់សាំង» ការពារកូវីដ-១៩ចាក់ជូនប្រជាជនកម្ពុជាផងដែរ។ពិភពលោកកាលណោះ វ៉ាក់សាំងជំងឺកូវីដ គឺជារឿងអាទិភាពបំផុតសម្រាប់សង្គ្រោះអាយុជីវិតប្រជាជន។ សម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់គ្រប់មធ្យោបាយស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជន។ ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ កម្ពុជាផ្តើមទទួលបាន«វ៉ាក់សាំងជំងឺកូវីដ» ជាលើកដំបូងចាក់ជូនប្រជាជន។ នៅថ្ងៃទី ១ កក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកចំហកម្ពុជាយកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ យុទ្ធនាការចាក់វ៉ាក់សំាង ជូនប្រជាជនរៀបចំឡើងតាមយុទ្ធសាស្ត្រ«ផ្ការីក»តាមការបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន។ បច្ចុប្បន្នប្រជាជនកម្ពុជា១០០ភាគរយ មកទទួលវ៉ាក់សាំង និងក្លាយជាប្រទេសដំបូងគេអាចគ្រប់គ្រងកូវីដ-១៩ បានល្អលើពិភពលោក និងប្រកាសបើកប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ។

ជោគជ័យលើសមរភូមិជំងឺរាតត្បាតកូវីដ-១៩ ផ្តល់ឱកាសឱ្យកម្ពុជាតុបតែងផ្ទះរៀបចំ«កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ទី៤១»នៅខែវិច្ឆិកា ឆ្នាំ២០២២។កម្ពុជាបានបើកទ្វាផ្ទះស្វាគមន៍មេដឹកនាំប្រទេសប្រមាណ ៣៤ ជាសមាជិកអាស៊ាន ប្រទេសដៃគូអាស៊ាន និង ប្រធានស្ថាប័នអន្តរជាតិជាច្រើនមកប្រជុំនៅកម្ពុជាដោយមិនបារម្ភពីការឆ្លងកូវីដ។ ជាកិច្ចប្រជុំដែលអនុញ្ញាតឱ្យមេដឹកនាំមហាអំណាចៗធំលើសកលលោកស្កាត់ជួបគ្នាជាលើកដំបូង ក្នុងនោះក៏មានវត្តមាន ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និង អតីតនាយករដ្ឋមន្រ្តីចិន លី ខឹឈាំងផងដែរ។

ខែវិច្ឆិកា ខែនៅកម្ពុជាជាខែ«កត្តិក»ត្រជាក់ ប៉ុន្តែកិច្ចប្រជុំអាស៊ាននៅកម្ពុជា ចំពេលពិភពលោកមានប្រធានក្តៅៗជាច្រើនដូចជា៖ សង្គ្រាមរវាងរុស្សី-អ៊ុយក្រែន វិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ការប្រជែកឥទ្ធិពលអាម៉េរិក-ចិន នៅឥណ្ឌូប៉ាស៊ីហ្វីក ជម្លោះសមុទ្រចិនខាងត្បូងជាដើម សុទ្ធតែជាដុំភ្លើងក្តៅសម្រាប់កម្ពុជាជាម្ចាស់ផ្ទះ។

តែយ៉ាងណាក្តី កិច្ចប្រជុំ៤ ថ្ងៃ ពីថ្ងៃទី ១០ដល់ទី១៣ វិច្ឆិកា ឆ្នាំ២០២២ បិទបញ្ចប់ និង ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ មិនមានគូរជម្លោះណាមួយដើរចេញ ឬតឹងសរសៃកដាក់គ្នានោះទេ។ សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានបានឈរលើស្មារតីសាមគ្គីភាពក្នុងតំបន់ ហើយថែមទាំងបង្កើតជាប្រវត្តិសាស្ត្រថ្មីសម្រាប់អាស៊ាន គឺការបន្ថែមដៃគូអាស៊ានចូលថ្មីរហូតដល់៦ប្រទេស ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងអន្ទង់ចិត្តសមាជិកអាស៊ានទទួលយក «ទីម័រខាងកើត» ជាសមាជិកអង្កេតអាស៊ាន ដើម្បីឈានចូលសមាជិកពេញសិទ្ធិ និងបានចេញនូវសេចក្តីថ្លែងការណ៍រួមជាច្រើនថែមទៀតផង។
លទ្ធផលដ៏ល្អនេះ ជំរុញឱ្យ «កិត្តិនាមកម្ពុជា» កាន់តែមានភាពល្បីរន្ទឺមួយកម្រិតទៀតនៅលើឆាក់អន្តរជាតិ បន្ទាប់ពីទទួលជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អ។ ក្នុងមុខថ្នាក់ដឹកនាំលោកភពលោកធំៗរៀបចំខោអាវចេញពីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សំពះលើដៃលា ហើយអញ្ជើញមេដឹកនាំទាំងអស់នោះមកចូលរួមពិធី ព្រឹត្តិការណ៍«ស៊ីហ្គេមលើកទី៣២ និង កីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១២ »នៅឆ្នាំ២០២៣។

ក្រោយរង់ចាំ ៦៤ឆ្នាំ «ស៊ីហ្គេមលើកទី៣២»បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី ៥ ឧសភា ឆ្នាំ២០២៣ និង ពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី ១២ នៅថ្ងៃទី៣ ខែ មិថុនា ឆ្នាំដដែល។រាជរដ្ឋាភិបាល ធានារាប់រងចំណាយថវិកាជា១០០លានដុល្លារ រៀបចំព្រឹត្តិការណ៍នេះ។តាមពិតទៅកម្ពុជាចង់ជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍នេះណាស់ តែដោយសារសង្គ្រាមស៊ីវិលផ្ទៃក្នុង បង្ខំចិត្តបង្វែរលុយទៅអភិវឌ្ឍជាតិទើបងើបពីសង្គ្រាម។

កម្ពុជាធ្លាប់គេមើលងាយ និង ស្គាល់តាមរយៈសង្គ្រាម ផ្តើមរីកមុខមាត់ឡើងវិញតាមរយៈរៀបចំកម្មវិធី បើកនិងបិទ ព្រឹត្តិការណ៍ស៊ីហ្គេម និង ប៉ារ៉ាហ្គេម។ផ្ទាំងទស្សនីយភាពដ៏កម្រជាច្រើនស្តីពី កំណើតនគរខ្មែរ និង ដំណើរការអភិវឌ្ឍនៅកម្ពុជា បានឆក់យកបេះដូងប្រជាពលរដ្ឋកម្ពុជា ភាគច្រើនយុវជន ហើយទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ។

ចំនួន«មេដាយ»កម្ពុជាមិនដែលបានច្រើនសោះ បែរជាឈ្នះមេដាយច្រើនសរុបជាង ២០០ មេដាយ ហើយឈរនៅលំដាប់ថ្នាក់លេខ ៤ បន្ទាប់ពីវៀតណាម ថៃ និង ឥណ្ឌូនេស៊ី ជាលទ្ធផលដ៏ល្អ មិនធ្លាប់មានចាប់តាំងពីជាង៦០ឆ្នាំមក។ចំណែកការប្រកួតអាស៊ានប៉ារ៉ាហ្គេម កម្ពុជាដណ្ដើមបានមេដាយ៧០គ្រឿងផងដែរ។

មេដាយជារឿងមួយ តែអ្វីជោគជ័យខ្លាំង គឺពលរដ្ឋកម្ពុជា និងបណ្តាប្រទេសជាមិត្ត បង្ហាញពីការសប្បាយរីករាយជាមួយព្រឹត្តិការណ៍នេះ នាំគ្នាច្រៀងរាំបន្ទាប់ពីចប់ការប្រកួតដោយគ្មាន ការរើសអើង បង្ហាញនូវសាមគ្គីភាព និង សេចក្តីស្រឡាញ់លើសពីការប្រកួតចាញ់ស្របតាមពាក្យស្លោក«កីឡារស់ក្នុងសន្តិភាព»។ ព្រឹត្តិការណ៍«ស៊ីហ្គេម និង ប៉ារ៉ាហ្គេម»ទាញការចាប់អារម្មណ៍ជាខ្លាំងលោកពិភពលោក ហើយស្ថាប័នព័ត៌មានធំៗលើពិភពលោកជាង ២០ស្ថាប័នមានជាអាទិ៍ អាម៉េរិក ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ និង ព័ត៌មានជាច្រើនក្នុងតំបន់អាស៊ាននាំគ្នាចុះផ្សាយពីកម្ពុជា។

ជារួមសមិទ្ធផលធំៗក្នុងអាណត្តិទី៦នេះ នឹងត្រូវបានចងក្រងទុកក្នុង «ប្រវត្តិសាស្ត្រ»សម្រាប់មនុស្សជំនាន់ក្រោយ និង ជាមោទកភាពរបស់ប្រជាជនកម្ពុជាទាំងមូលដោយមិនបែងចែកបក្ស ឬក្រុមណាមួយនោះទេ ពោលគឺជាកិត្តិយសជាតិយើងទាំងអស់គ្នា។កម្ពុជាក្រោយសម័យសង្គ្រាមរាំរៃអស់ជាច្រើនឆ្នាំ ផ្តើមស្គាល់នូវ«សុខសន្តិភាព»ចាប់ពីឆ្នាំពី១៩៩៨ មកដល់បច្ចុប្បន្ន។អាណត្តិទី៧ ឆ្នាំ២០២៣ ជាពេលវេលាថ្មី ដើម្បីបន្តដំណើរដោយប្រុងប្រយ័ត្ន សាមគ្គីរួបរួមគ្នាការពារសមិទ្ធផលកំពុងមានបច្ចុប្បន្ន និង បង្កើត«ស្នាដៃ»ថ្មីៗ ជូនជាតិមាតុភូមិ ជាពិសេសយុវជនជំនាន់ក្រោយ៕