(កំពង់ចាម)៖ អភិបាលរងស្រុកកងមាសលោក អឿន សុធាលី បានចេញមកអះអាងថា អាជ្ញាធរបានអនុញ្ញាតឲ្យម្ចាស់សាងសង់លើដីចំណីព្រែកដោយសារតែមើលឃើញថា វាជាប្រយោជន៍សាធារណៈ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានតែម្តង ពោលសំណង់នេះជាប្រភេទសាលាឆទាន សម្រាប់ពលរដ្ឋទូទៅឆ្លងកាត់ ហើយអាចជ្រកបាន។
លោក អឿន សុធាលី បានបញ្ជាក់ដូច្នេះនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបញ្ចប់ការភាន់ច្រឡំរបស់មហាជនទាក់ទិនទៅនឹងសំណង់មួយកន្លែង សង់ប៉ះពាល់ដីចំណីព្រែកស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
អភិបាលរងស្រុកកងមាស បានឲ្យដឹងទៀតថា ម្ចាស់សំណង់មានឈ្មោះ សេង គឹមសា ភេទស្រី អាយុ៧២ឆ្នាំ មានលំនៅដ្ឋានបែរមុខមកផ្លូវជាប់ព្រែក ក្នុងភូមិអន្លង់គគី ឃុំស្ដៅ ស្រុកកងមាស។ ប៉ុន្តែជារៀងរាល់ឆ្នាំពេល មានទឹកជំនន់ ដីមាត់ព្រែកតែងតែបាក់ស្រុតចុះ ស្ទើរតែដាច់ផ្លូវមុខផ្ទះរបស់គាត់។
ប្រការដែលបាក់ស្រុតផ្លូវចូលព្រែកនោះហើយ ទើបម្ចាស់សំណង់រូបនោះបានស្នើសុំទៅអាជ្ញាធរស្រុក ដើម្បីបានសាងសង់ទុកសម្រាប់បម្រើជាប្រយោជន៍រួម ពោលគឺសម្រាប់ជ្រកសម្រាករបស់ប្រជាពលរដ្ឋទូទៅ និងម្យ៉ាងទៀត ក្នុងបំណងទប់ដីមាត់ព្រែកកុំឲ្យបាក់ស្រុតដាច់ផ្លូវបន្តទៀត។
លោកអភិបាលរងស្រុក បានបញ្ជាក់ទៀតថា «ផ្លូវមួយខ្សែនេះក្រៅពីការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺបានផ្សារភ្ជាប់ជាមួយឃុំព្រែកកុយ ឃុំរាយប៉ាយ ឬក៏អាចធ្វើដំណើរពីឃុំច្បារអំពៅ ក្នុងស្រុកបាធាយ មកតាមផ្លូវនេះផងដែរ»។
បើតាមលោក ឡាយ សេងហុង មេឃុំស្តៅ បានឱ្យដឹងថា ផ្លូវមាត់ព្រែកនោះធ្លាប់រកនូវការបាក់ស្រុតចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ។ ជាមួយគ្នានេះ អាជ្ញាធរឃុំ ធ្លាប់បានជួយចាក់ដីមាត់ព្រែកនោះរាប់រយឡានផងដែរ ប៉ុន្តែនៅតែទប់មិនឈ្នះ។
លោកមេឃុំបញ្ជាក់ថា «ប្រសិនបើគ្មានសំណង់ទប់ដីនោះទេ ផ្លូវនោះនឹងត្រូវបាក់ស្រុតទាំងអស់ និងត្រូវផ្អាកចរាចរណ៍ទាំងស្រុង បណ្ដាលឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីតំបន់ផ្សេងៗ ឆ្លងកាត់លែងបាន»។
ដោយឡែកលោក ឡេះ ប៊ុល ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្រុកកងមាស បានប្រាប់ឲ្យដឹងថា សំណង់ខាងលើគឺសាងសង់លើដីចំណីព្រែក ដោយការិយាល័យជំនាញមិនបានចេញលិខិតអនុញ្ញាត សាងសង់ឲ្យម្ចាស់សំណង់នោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយសំណង់នេះ គេមើលឃើញថា គឺសាងសង់សម្រាប់ជាប្រយោជន៍សាធារណៈ ពោលគឺមិនមែនម្ចាស់សំណង់ សាងសង់សម្រាប់ទុកជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
លោក ឡេះ ប៊ុល ឱ្យដឹងទៀតថា សំណង់ចំណុចនោះបានសាងសង់៣លើកមកហើយ ដោយលើកមុនសាងសង់លក្ខណៈតូច និងបានបាក់ស្រុតចូលក្នុងព្រែក ដូច្នេះលើកនេះម្ចាស់សំណង់សាងសង់ឲ្យបានរឹងមាំ ដើម្បីទប់ការបាក់ស្រុតផ្លូវមាត់ព្រែក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ៕