(ព្រៃវែង)៖ បុរសម្នាក់ ត្រឡប់មកពីជួបជុំផឹកស៊ីវិញ ត្រូវប្រពន្ធជេរស្ដីបន្ទោស រហូតប្រតាយប្រតប់គ្នា រួចក៏ទាញកាំបិតមកកាប់សន្ធាប់លើប្រពន្ធ និងកូនស្រី បណ្ដាលឱ្យរងរបួសធ្ងន់ទាំង ២នាក់ រួចរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍តាមចាប់ឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ រួមមាន៖ ឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរកសិករ របួស៥ កន្លែង របួសដាច់រយះលើផ្ទៃមុខខាងឆ្វេង, ដាច់រយះលើកំភួនដៃខាងឆ្វេង, ដាច់ស្បែកក្បាលលើចុងចិញ្ចើមខាងឆ្វេង, ដាច់ស្បែកក្បាលផ្នែកលើត្រចៀកខាងឆ្វេង, ដាច់រយះចង្កា (រងរបួសធ្ងន់) និងឈ្មោះ ចាន់ ឌី ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបកសិករ រងរបួស២ កន្លែង លើភ្លៅ ខាងស្ដាំមុតដាច់ចេញឈាម និងរបួសមេដៃខាងស្តាំ (ធ្ងន់)។ ដោយឡែក ជនសង្ស័យមានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
សមត្ថកិច្ចបានបន្តថា នៅវេលាកើតហេតុ ជនសង្ស័យបានមកពីផឹកស៊ីនៅខាងក្រៅផ្ទះ ពេលត្រឡប់មកដល់ផ្ទះ ជនរងគ្រោះ ឈ្មោះ ផល ស៊ាងរ៉ា ជាប្រពន្ធ បានស្តីបន្ទោស ជេរប្រមាថ ពេលនោះប្ដីបានឃាត់កុំឱ្យជេរ តែជនរងគ្រោះជាប្រពន្ធមិនព្រមឈប់នោះទេ និងបានយកទឹកនោមក្នុងកន្ថោរ មកជះទៅលើជនសង្ស័យជាប្ដី រួចរុញបណ្តាលឱ្យដួលទៀត ហើយក៏បានប្រតាយប្រតប់គ្នា។
បន្ទាប់មកជនសង្ស័យជាប្តី បានដើរទៅចង្ក្រានបាយរួចទាញកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធជាច្រើនកាំបិត ពេលកូនស្រីឈ្មោះ ចាន់ ឌី មកជួយក៏កាប់ទាំងកូនស្រីទៀត បណ្តាលឱ្យរងរបួសធ្ងន់ទាំង ២នាក់តែម្តង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រពន្ធ និងកូនរួច បានរត់គេចខ្លួនទៅផ្ទះមិត្តភក្តិឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិតាណាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយក៏ត្រូវកម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនបាននៅទីនោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យជាប្តី រួមជាមួយវត្ថុតាងកាំបិត ត្រូវបាននគរបាលឃាត់ខ្លួន និងយកមកអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕