(កំពង់ធំ)៖ អតីតសកម្មជនបក្សប្រឆាំងម្នាក់នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបរាប់ពីទុក្ខលំបាកផ្ទាល់ខ្លួនដែលធ្លាប់ចាញ់បោកនយោបាយរបស់ពួកបក្សប្រឆាំង ហើយក៏បានភ្ញាក់រឭកឡើងវិញ ទើបខំអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ជឿតាមបក្សប្រឆាំងតទៅទៀត ព្រោះពួកនោះគ្មានទំនួលខុសត្រូវចំពោះប្រជាជន និងប្រទេសជាតិឡើយ។

អតីតសកម្មជនបក្សប្រឆាំងនៅឃុំដំរីស្លាប់រូបនេះបានលើកជាបទពិសោធន៍ថា ពួកមេៗប្រឆាំងដែលនៅក្រៅប្រទេសនោះចេះតែញុះញង់អុចអាលឱ្យសមាជិក សកម្មជនបក្សរបស់ខ្លួនតស៊ូប្រឆាំង ដល់ពេលសមាជិករបស់ខ្លួនជួបបញ្ហា គឺគ្មានក្បាលពួកអ្នកញុះញង់នោះមកជួយសមាជិកខ្លួនដែលគ្នាខំជឿជាក់ស្មោះស្ម័គ្រនោះឡើយ។

ទីបំផុត ដោយមើលឃើញពីភាពអាត្មានិយម គ្មានទំនួលខុសត្រូវចំពោះសមាជិកកូនចៅរបស់ខ្លួនដូចនេះហើយ ទើបសកម្មជនដែលនៅខេត្តកំពង់ធំនេះបានសម្រេចដើរចេញពីក្រុមពួកប្រឆាំង ហើយងារមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ព្រោះឃើញពីការដឹកនាំជោគជ័យជាច្រើនដើម្បីជាតិ និងប្រជាជន។

សមាជិកថ្មីនៃបក្សប្រជាជនខាងលើក៏បានអំពាវនាវដល់សកម្មជនបក្សប្រឆាំងដទៃ ក៏ដូចជាប្រជាពលរដ្ឋទូទៅសូមកុំជឿជាក់លើពួកបក្សប្រឆាំងតទៅទៀត ព្រោះពួកនេះគ្មានទំនួលខុសត្រូវចំពោះប្រជាជនឡើយ មានតែប្រើប្រជាជនជាឈ្នាន់នយោបាយ និងបំបែកបំបាក់សាមគ្គីទៅវិញទេ។ ប្រជាពលរដ្ឋគួរតែគាំទ្រគណបក្សណាដែលគិតគូរពីជោគវាសនាជាតិ និងប្រជាជនជាធំ ពិសេសគឺគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន៕