(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធរបស់ក្រសួងកសិកម្ម ចាត់វិធានការឱ្យបាន​តឹងរឹង​បំផុត ចំពោះជនខិលខូចដែលឈូសឆាយដីព្រៃលិចទឹក (តំបន់៣) ទំហំជាង ៥០ហិកតា ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បទបញ្ជារបស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាន​តាម​រយៈ Fresh News ពាក់ព័ន្ធការឈូសឆាយដីព្រៃលិចទឹកដែលជាជម្រក​ត្រី​ដ៏សំខាន់​។

ពាក់ព័ន្ធករណីខាងលើនេះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធានរដ្ឋបាលជលផល និងលោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន​អភិរក្ស​ជល​ផល បានឱ្យដឹងថា ពិតជាមានការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកក្នុង​តំបន់​​៣ពិតប្រាកដមែន។

លោក អ៊ុក វិបុល បានឱ្យដឹងថា ដីដែលរងការឈូសឆាយនោះជាតំបន់អភិរក្សជលផល ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង។

លោក ពុំ សុថា បានឱ្យផងដែរថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣កន្លង​ទៅ​​នេះ មន្ត្រីរដ្ឋបាលជលផលក្នុងខេត្តកំពង់ឆ្នាំង បានចុះទៅបង្ក្រាប និងដក​ហូត​​ម៉ូតូរបស់អ្នកឈូសឆាយដីព្រៃលិចទឹកនោះ បានចំនួន៣គ្រឿងផងដែរ។

លោក ពុំ សុថា បានបញ្ជាក់ប្រាប់ Fresh News តាមទូរស័ព្ទថា «ឯកឧត្តម​រដ្ឋ​មន្ត្រី យកចិត្តទុកដាក់ខ្លាំងណាស់លើការងារអភិរក្សធនធានជលផល។ ក្រោយទទួលបានព័ត៌មាននេះ ឯកឧត្តមបានចេញបញ្ជាឱ្យស្រាវជ្រាវរកមុខជន​ទន្ទ្រានដីព្រៃលិចទឹកទាំងនោះ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបាន​ម៉ឺង​ម៉ាត់​​បំផុត»

ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិ​បាល ធ្លាប់បានចាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយសម្រាប់កន្លែង​ដែលអាស្រ័យផលជាក់ស្តែង។ រាជរដ្ឋាភិបាល ក៏បានហាមផ្តាច់មិនឱ្យមានការ​ឈូស​ឆាយ​ទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់៣ទៀតនោះឡើយ។

ដីព្រៃលិចទឹក គឺជាជម្រកសម្រាប់ត្រីពងកូនដ៏មានសារៈសំខាន់នៅក្នុងរដូវ​វស្សា​។ បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះក្នុងបឹង​ទន្លេ​សាប​​ផងដែរ។

នៅក្នុងកំលុងពេលដែលមន្ត្រីរាជការមមាញឹកនឹងកិច្ចការបោះឆ្នោត ក៏មានក្រុម​ជន​ខិលខូចឆ្លៀតឱកាសទៅឈូសឆាយទន្ទ្រានយកដីព្រៃលិចនៅជុំវិញបឹង​ទន្លេសាប។

បើតាមលោក ពុំ សុថា បានឱ្យដឹងថា ការកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុង​តំបន់​៣ នៅក្នុងខេត្តកំពង់ឆ្នាំង មានទ្រង់ទ្រាយធំជាងគេ។ សម្រាប់ខេត្តដទៃទៀត មានក្នុងទ្រង់ទ្រាយតូច។

កាលពីខែមិថុនាកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទ​បញ្ជាឱ្យចាត់វិធានការតឹងរឹងបំផុតចំពោះជន ដែលទន្ទ្រានយកសម្បត្តិធនធាន​ធម្មជាតិដោយខុសច្បាប់ រួមទាំងការឈូសឆាយទន្ទ្រានយកដីព្រៃ ដីព្រៃលិចទឹកជាសម្បត្តិរបស់រដ្ឋផងដែរ៕