(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានគូសរំលេចទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រូប មិនទៅណាចោលបងប្អូនប្រជាពលរដ្ឋឡើយ ដូច្នេះយើងត្រូវតែ គាំទ្រទាំងអស់គ្នាដោយទៅបោះឆ្នោតជូនគណបក្សប្រជាជនមានលេខរៀងទី១៨។
លោកស្រីបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋនៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាង ២០០នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកស្រី ឃួន ឃុនឌី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសមិនទុកឲ្យបងប្អូនណាម្នាក់នៅឯកការដោយមានការរើសអើងនោះឡើយ។
លោកស្រីបានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារចុះមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា និងសូមឲ្យក្រុមការងារគណបក្សគ្រប់ឋានានុក្រមទាំងអស់ នៅកៀកជាប់ពលរដ្ឋ ដោយចុះឲ្យដល់ខ្នងផ្ទះ ដើម្បីទាញយកបេះដូង ព្រមទាំងផ្តល់ភាពកក់ក្តៅចំពោះបងប្អូនផងដែរ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា «សមាជិកបក្សត្រូវបង្រៀនពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការគូសខុស ដែលធ្វើឱ្យសន្លឹកឆ្នោតមិនអាចយកជាការបាន»។
លោកស្រីបានក្រើនរំលឹកដល់សមាជិក សមាជិកា ត្រូវចូលរួមជំរុញដល់សមាជិកក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នាដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេននាថ្ងៃអនាគត៕