(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ធិន ស៊ិនដេត អធិការនគរបាលក្រុង នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះឆែកឆេរទីតាំងម៉ាស្សាមួយកន្លែង ដែលបង្កប់ការជួញដូរគ្រឿងញៀន និងរកឃើញគ្រឿងញៀនមេតំហ្វេតាមីន និងប្រភេទគ្រាប់ជាច្រើន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងទៀត។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារ Fresh News ថា ទីតាំងម៉ាស្សានេះស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បន្ទាប់ពីឆែកឆេរ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន បានជនសង្ស័យប្រុសស្រី២នាក់ ក្នុងនោះទី១-ឈ្មោះ ជនសង្ស័យឈ្មោះ យូ សារ៉េត អាយុ៣៣ឆ្នាំ និងទី២-ឈ្មោះ យូ លក្ខិណា ភេទស្រី អាយុ៤០ឆ្នាំ។ ក្រោយពីធ្វើការឃាត់ខ្លូនជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លូន ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរបន្ដ៕