(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបន្តឃោសនារកសំឡេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្សជាង ១.៥០០នាក់ នៅឃុំដូនស ឃុំធ្លក និងឃុំពោធិរាជ ខេត្តស្វាយរៀង។
សម្តេច ម៉ែន សំអន បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានតែក្នុងអាណត្តិទី៧ នោះទេ គឺមានតាំងពីអាណត្តិ១ មកម្ល៉េះ និងបានបន្តដាក់ចេញជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ពិសេសបានតាមដាន ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តប្រកបដោយគុណភាព តម្លាភាព សមធម៌ សំដៅបម្រើប្រយោជន៍ជារួមដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
សម្តេចបានលើកឡើងថា រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕