(ស្វាយរៀង)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជន សមាជិក សមាជិកាបក្សនៅសង្កាត់បាទី ក្រុងបាវិត ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានលើកឡើងថា «ប្រសិនបើយើងមិនបោះឆ្នោតដើម្បីសន្តិភាពទេ គឺមានន័យថា យើងកំពុងតែមើលរំលងប្រវត្តិសាស្រ្ត និងកំពុងបោះបង់ចោលអនាគតខ្លួនឯង»

លោក លី ធុជ បានបន្តទៀតថា៖ «ប្រជាពលរដ្ឋម្នាក់ៗ មានការសម្រេចចិត្តយ៉ាងសំខាន់ក្នុងការបោះឆ្នោត ដើម្បីអនាគតជាតិមាតុភូមិកាន់តែខ្លាំងក្លា សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារ ការវិនិយោគ និងអនាគតដ៏ភ្លឺស្វាងជាមួយនឹងឱកាសគ្មានដែនកំណត់សម្រាប់កំណើន និងវិបុលភាពរបស់មនុស្សគ្រប់ៗគ្នា។ ការបោះឆ្នោតរបស់យើង គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តសម្រាប់អនាគតប្រទេសជាតិ និងអនាគតជនរួមជាតិយើង។ ការងារ ការរីកចម្រើន អនាគតដ៏ត្រចះត្រចង់ និងជីវភាពរស់នៅប្រកបដោយសន្តិភាពរបស់យើង គឹអាស្រ័យលើការបោះឆ្នោតនេះ»

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកបោះឆ្នោតទាំងអស់ ដែលបានបោះឆ្នោតដើម្បីជាតិ ព្រមទាំងបានអំពាវនាវស្នើសុំសន្លឹកឆ្នោត និងការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដើម្បីបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព។ យើងមិនត្រូវបំភ្លេចឡើយនូវគុណរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ បង្កើតនូវនយោបាយឈ្នះឈ្នះ សន្តិភាព ការឯកភាពជាតិគ្រួសារខ្មែរតែមួយ និងការកសាងប្រទេសជាតិរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ជាមួយ​គ្នានោះ​ លោក លី ធុជ ក៏បានដឹកនាំសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ៕