(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង១៨ ដើម្បីទទួលបាននូវសុខសិរី និងជ័យមង្គលសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។
សល់តែ១០ថ្ងៃទៀតប៉ុណ្ណោះយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងត្រូវបិទបញ្ចប់ហើយ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់បាននិងកំពុងធ្វើយុទ្ធនាយ៉ាងសស្រាក់សស្រាំស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ លើកទឹកប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។
នៅថ្ងៃទី១១នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ លោក ប៉ាន សូរស័ក្តិ បន្តនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងចុះបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សជាង ១,០០០នាក់ នៅបរិវេណវត្តគិរីកុសិលារាម (ត្រើងមង្គល) ក្នុងភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយស្រុកព្រៃឈរ, លោក ផាន អូន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន, លោក ឡោ ចាន់លី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម, លោក មាស ទួក ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមៀនជាច្រើនរូប។
នៅក្នុងពិធីនោះបេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានរំឮកគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ។
បន្ថែមពីលើនោះ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសមិទ្ធផល និងភាពជោគជ័យជាច្រើនសម្រាប់សង្គមជាតិ រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។
ជោគជ័យកាន់តែលេចធ្លោនៅក្នុងអាណត្តិទី៦កន្លងទៅនេះ គឺការយកឈ្នះជំងឺកូវីដ-១៩ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសកលមួយនេះ, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក ប៉ាន សូរស័ក្តិ ក៏បានលើកបង្ហាញលទ្ធផលការងារមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម ជាពិសេសការពង្រីកទីផ្សារសម្រាប់ផលិតផលផលិតនៅកម្ពុជា និងកសិផលរបស់ប្រជាកសិករ រួមមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) និងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក ព្រមទាំងកំពុងសិក្សាលទ្ធភាព និងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា-តួរគី កម្ពុជា-សហព័ន្ធស្វីស និងកម្ពុជា-ប៉ាគីស្ថានផងដែរ។ លទ្ធផលទាំងនេះ ជាកត្តាធ្វើឱ្យកម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។
លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា «សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា»។
បេក្ខជនតំណាងរាស្ត្ររូបនេះ បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងការគាំទ្រចំពោះសារនយោបាយរបស់សម្តេចតេជោ គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ។ បើគ្មានសន្តិភាពទេនោះ នឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះ ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ៕