(កំពង់ធំ)៖ លោក ជា បូរ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ នៅខេត្តកំពង់ធំ បានបន្តអំពាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោក ជា បូរ៉ា បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ នាឱកាសដែលលោកបានចុះជួបសំណោះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋប្រមាណ ៣៨៥នាក់ ក្នុងឱកាសផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបានបង្រៀនគូសសន្លឹកឆ្នោត ដែលប្រារព្ធឡើងនៅក្នុងភូមិចើងដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នាឱកាសនោះលោក ជា បូរ៉ា ក៏បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោត ឱ្យបានរួចរាល់។ ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត៕