(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ការអប់រំឌីជីថលបានក្លាយទៅជាផ្នត់គំនិតមួយនៅក្នុងការរៀន និងការបង្រៀនរួចហើយ ដែលមកដល់ពេលនេះគឺមិនមានសិស្សណា ដែលថាខ្លួនដែលស្គាល់ការរៀនតាមទូរសព្ទ ហើយក៏មិនមានលោកគ្រូ អ្នកគ្រូណា ដែលមិនធ្លាប់បានបង្រៀនតាមប្រព័ន្ធ Zoom នោះដែរ។
លោកបណ្ឌិត សាន វឌ្ឍនា បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ នាឱកាសដែលលោកអញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពី«យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ» ដោយមានការចូលរួមពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក លោកស្រី នាយកគ្រឹះស្ថានសិក្សានៅក្នុងរាជធានីភ្នំពេញ រួមទាំងមានលោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀតផងដែរ។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ដែលយុទ្ធនាការនេះនឹងចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២៣នេះ។ លោកបណ្ឌិត សាន វឌ្ឍនា បានឱ្យដឹងដែរថា ការអប់រំឌីជីថលនេះគឺជាឱកាសដែលធ្វើឱ្យយើងអាចធ្វើការផ្លាស់ប្តូរក៏ល្អប្រសើរមួយ សម្រាប់សិស្សានុសិស្សនោះកម្ពុជាផងដែរ។
លោកបណ្ឌិត សាន វឌ្ឍនា បានឱ្យដឹងទៀតថា យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ នឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយសិស្សានុសិស្សជាង ៤០ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាលដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន ៣៦៧នាក់ ហើយដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិត១ ០០០បន្ទប់។
សូមបញ្ជាក់ដែរថា យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការនេះគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នឹងផ្ដល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ដោយផ្តល់ការបណ្តុះបណ្តាល នៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់ លើប្រធានបទចំនួន៦ ដូចខាងក្រោម៖
១៖ ការស្វែងយល់ពីវិធីសាស្ត្ររៀនសិស្សម្នាក់ៗអាចស្វែងរក ឃើញវិធីសាស្ត្ររៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្ត្រ រៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន
២៖ ការរៀនដោយស៊ីជម្រៅដោយប្រើប្រាស់ធនធានសិក្សាចំរុះ៖ សិស្សម្នាក់ៗអាចចេះប្រើប្រាស់ធនធានសិក្សាសមស្រប ដើម្បីរៀនជាលក្ខណៈស្វ័យសិក្សា បន្ទាប់ពីការ
មុនពេលចូលរៀនក្នុងថ្នាក់ និងការរៀនជាលក្ខណៈសហការដោះស្រាយលំហាត់ រៀនក្នុងថ្នាក់រួច ក៏ដូចជាការហ្វឹកហាត់ឬប្រតិបត្តិបន្ថែមជាមួយកិច្ចការនៅផ្ទះ
៣៖ ការរៀនតាមបែបពន្លឿន៖ សម្រាប់សិស្សដែលរៀនយឺត ឬពុំសូវយល់ច្បាស់លើមេរៀន័ ឬខកខានពុំបានចូលរៀន ដោយការរៀនជាមួយធនធានសិក្សាដែលផលិតជាពិសេសសម្រាប់ការស្វែងយល់ជាពិស្តារលើមេរៀននីមួយៗ
៤៖ ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត ឬក្លឹបសិក្សាមុខវិជ្ជា ៖ សិស្សអាចរួមគ្នាបង្កើតក្លឹបសិក្សាដោយមានសិស្សពូកែជួយបង្រៀនសិស្សដែលរៀន យឺត ឬសិស្សដែលមានចំណាប់អារម្មណ៍លើការសិក្សាដោយការបង្កើតគម្រោងដើម្បីសិក្សាកាន់តែស៊ីជម្រៅ និងជាលក្ខណៈសហការ
៥៖ ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៖ សិស្សនឹងទទួលបានការពន្យល់ពីគន្លឹះសំខាន់ៗនៃការត្រៀមខ្លួនដើម្បីប្រឡង និងការណែនាំអំពីធនធានសិក្សា សំខាន់ៗដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាព
៦៖ ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ-ទូរសិក្សា៖ សិស្សអាចទទួលបានធនធានសិក្សា ដែលមានលក្ខណៈពេញលេញ (គ្រប់មេរៀន គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់) ចំរុះ (ដែលមាន ច្រើនប្រភេទ ជាវីដេអូ សន្លឹកកិច្ចការ សៀវភៅមេរៀនសង្ខេប សៀវភៅលំហាត់អនុវត្ត ...) និងសម្បូរបែប (ការរៀនដោយសង្ខេប ការរៀនជាមួយសំណួរ-ចម្លើយ ការរៀនជាមួយវីដេអូ បង្រៀន ការធ្វើតេស្តសមត្ថភាពដោយខ្លួនឯង)៕