(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជូនលោក គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ទុំ សាលឿង ដែលត្រូវជាភរិយារបស់លោក។

ក្នុងសារលិខិតរបស់ សម្ដេច សាយ ឈុំ បានបញ្ជក់យ៉ាងដូច្នេះថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់ មានសេចក្តីសោកស្ដាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿង ត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:៥៤នាទីព្រឹក ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ»

បន្ថែមពីនេះ សម្ដេច សាយ ឈុំ ក៏សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្ដម ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ភរិយា ម្ដាយ ជីដូនជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ជាពិសេសលោកជំទាវ ជាឧត្តមភរិយាដ៏ល្អ និងបានចូលរួមដំណើរជាមួយ ឯកឧត្តម ក្នុងការចូលរួមចំណែកយ៉ាងសកម្មកសាង ជាតិមាតុភូមិ ក្រោមដំបូលសន្តិភាព។ ទោះបីរូបកាយរបស់លោកជំទាវមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ទុំ សាលឿង បានបាត់បង់ទៅមែនពិត ប៉ុន្តែកិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពអំណត់តស៊ូ នឹងនៅស្ថិតស្ថេរក្នុងចិត្តឯកឧត្តមជាស្វាមី កូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ជាថ្មីម្ដងទៀត សម្ដេច សាយ ឈុំ បានបន្ដថា សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿង បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕