(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយតំណាង សហគមន៍អឺរ៉ុប នៅរដ្ឋសភា នាព្រឹកមិញនេះ ប្រធានគណៈកម្មការទី២ លោក ជាម យៀប បានស្នើឱ្យសហគមន៍អឺរ៉ុប បន្ថែមជំនួយមកប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋ ក៏បានស្នើឱ្យសហគមន៍អឺរ៉ុប ពង្រីកទីផ្សារ នាំចូលផលិតផលកម្ពុជាបន្ថែមទៀត ក្រៅពីសម្លៀកបំពាក់ និងស្បែកជើង។

សំណើរបស់ លោកបណ្ឌិតរដ្ឋ ជាម យៀប បានធ្វើឡើងនៅក្នុងជំនួបប្រមាណ២ម៉ោង ជាមួយនឹង លោកJavier  Casdillo តំណាងសហគមន៍អឺរ៉ុប នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីពិភាក្សាអំពីបញ្ហាជំនួយ។

លោក ជាម យៀប បានស្នើឱ្យ លោកJavier Casdillo ជំរុញដល់សហគមន៍អឺរ៉ុប ឱ្យបង្កើនការនាំចូលអង្ករ ពីប្រទេសកម្ពុជាបន្ថែមលើ ផលិតផលសម្លៀកបំពាក់ដែលទទួលបានការអនុគ្រោះពន្ធ។ លោកថា «សំណូមពររបស់ខ្ញុំ ទៅតំណាងតំណាងសហគមន៍អឺរ៉ុប ដែលបានមកនេះ ត្រូវធ្វើយ៉ាងណារាយការណ៍ ទៅដល់សហគមន៍អឺរ៉ុបវិញ សុំឱ្យពង្រឹង និងពង្រីកទីផ្សារសហគមន៍អឺរ៉ុប ដើម្បីនាំចូលដូចជាអង្កររបស់កម្ពុជា ដែលយើងទទួលបានលេខ១ខាងអង្ករហ្នឹង នៅទីក្រុងសៀងហៃ និងទីក្រុងហុងកុង»

លោកបានបន្ថែមទៀតថា «សុំឱ្យបើកទីផ្សារទូលាយបន្ថែមទៀត នូវការបញ្ចេញនូវសម្លៀកបំពាក់ និងស្បែកជើង ដែលបណ្តារោងចក្រ សហគ្រាសនៅកម្ពុជា កំពុងតែបំពេញការងាររបស់ខ្លួន ឱ្យកាន់តែច្រើនថែមទៀត ហើយសូមឱ្យសហគមន៍អឺរ៉ុបបន្តផ្តល់ជំនួយ បច្ចេកទេស និង ហិរញ្ញវត្ថុដល់កម្ពុជាកាន់តែច្រើនថែមទៀត»
 
បើតាម លោក ជាម យៀប, បន្ទាប់ពីបញ្ចប់ជំនួបនោះរួច លោកJavier Casdillo បានសន្យានាំយកសំណើរបស់កម្ពុជា ទៅប្រាប់ដល់ សហគមន៍អឺរ៉ុបនាពេលខាងមុខនេះ។

សូមបញ្ជាក់ថា នៅក្នុងជំនួបខាងលើ សហគមន៍អឺរ៉ុប បានដាក់សំណួរ៣ដល់គណៈកម្មការទី២រដ្ឋសភា ក្នុងនោះពួកគេចង់ដឹងអំពីរចនា សម្ព័ន្ធគណៈកម្មការនេះ ថវិការជាតិក្នុងឆ្នាំនីមួយៗ រួមទាំងវិធានការរបស់គណៈកម្មការនេះ បន្ទាប់ពីទទួលរបាយការណ៍សវនកម្ម របស់រដ្ឋសភាផងដែរ៕