(ភ្នំពេញ)៖ លោកបណ្ឌិត ចែម វីឌ្យ៉ា ដែលត្រូវបានតែងតាំងជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចូលជួបប្រគល់សារតាំង និងជួបសំដែងការគួរសមជាមួយលោក François Hollande ប្រធានាធិបតីបារាំង។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដែលទើបចេញផ្សាយនៅយប់មិញ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា ការចូលជួបប្រគល់សារតាំងរបស់ ឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជានេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងជំនួបនោះ លោក François Hollande ប្រធានាធិបតី បានស្វាគមន៍ចំពោះការតែងតាំង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដែលពោរពេញដោយ សមត្ថភាព និងនិយាយភាសាបារាំងច្បាស់ ។
លោក François Hollande បានឲ្យដឹងថា បារាំង នឹងបង្កើនលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើ គ្រប់វិស័យនិងជំរុញឲ្យ សហគ្រាសបារាំង ទៅបណ្តាក់ទុននៅកម្ពុជាកាន់ តែច្រើនថែមទៀត។ ប្រធានាធិបតី សម្តែងភាពសប្បាយរីករាយ ដោយសង្កេត ឃើញថាមាន ពលរដ្ឋបារាំងកាន់តែច្រើនឡើងៗទៅទស្សនាកម្ពុជា ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានលើកឡើងថា កម្ពុជានិងបារាំងមាន ទំនាក់ទំនងមិត្តភាព ជាប្រវត្តិសាស្រ្ត និង សូមប្តេជ្ញាចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងប្រទេស ទាំងពីរ លើគ្រប់វិស័យផងដែរ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស បារាំង ក៏សូមអរគុណបារាំង ជាថ្មីដែលបានដើរតួនាទីយ៉ាងសកម្មដើម្បីសន្តិភាព និងការបង្រួបង្រួម ជាតិនៅកម្ពុជា។
គួរបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ ខែតុលា ឆ្នាំ ១៩៩១ ហើយក៏ជាខួបលើកទី៥០ នៃសុន្ទរកថា នៅភ្នំពេញដ៏ល្បីល្បាញរបស់ ឧត្តមសេនីយ៍ Charles de Gaulle ផងដែរ ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងនូវសារសំខាន់ នៃការផ្លាស់ប្តូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំទាំងសងខាងកម្ពុជា-បារាំង៕