(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបតែបានអនុម័តសំណើ ស្ដីអំពីការដោះលែងអ្នកទោសចំនួន ២០.០០០នាក់ ចាប់ពីពេលនេះរហូតដល់ ឆ្នាំ២០១៨។ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា។
យោងតាមសំណើរបស់ក្រសួង សន្ដិសុខសាធារណៈវៀតណាមបានឲ្យដឹងថា សេចក្ដីអនុម័តរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានដាក់ទៅកាន់តុលាការ កំពូលវៀតណាម ដើម្បីសម្របសម្រួល ទៅតាមលក្ខខណ្ឌមួយចំនួន ដើម្បីដោះលែងអ្នកទោស ដោយផ្នែកទៅលើមូលដ្ឋាននៃទម្ងន់ទោស។
អ្នកទោសដែលត្រូវដោះលែង ឬមានអាទិភាពមុនគេនោះ មានដូចជាអ្នកទោសមានជំងឺធ្ងន់ធ្ងរ, ស្ត្រីមានផ្ទៃពោះ, អ្នកទោសដែលមានក្មេងអាយុតិចជាង ៣៦ខែ, អ្នកទោសដែលគ្មានគ្រួសារ, និងអ្នកទោសដែលត្រូវផ្តន្ទាទោសពីបទឧក្រិដ្ឋកម្រិតតិចតូច។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម បានអះអាងថា ការដោះលែងអ្នកទោសនេះ នឹងជួយកាន់បន្ថយការចំណាយ របស់រដ្ឋាភិបាលវៀតណាមរហូតដល់ ៨,៩លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕