(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក និងមន្រ្តីមានសមត្ថកិច្ច ត្រូវត្រួតពិនិត្យនូវរាល់ទីតាំងក្រុមហ៊ុនឯកជន ទាំងផ្លូវការ និងមិនផ្លូវការ ដែលដាក់ទទួលរបស់បញ្ចាំនានា ជាពិសេសការទទួលដាក់បញ្ចាំនូវអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ គឺត្រូវធ្វើការហាមឃាត់ ដើម្បីរក្សាការងារសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន ជាពិសេសគឺដើម្បីរក្សាឯកសារ សម្រាប់បម្រើឲ្យការបោះឆ្នោតនាពេលខាមុខនេះ ។
ការបញ្ជាបែបនេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ ។
លោកបញ្ជាក់ថា ការងារសន្តិសុខសណ្តាប់ធ្នាប់ គឺជាចំនុចសំខាន់ណាស់ ដែលតម្រូវឲ្យយើងទាំងអស់គ្នាជាអាជ្ញាធរ ត្រូវចូលរួមសហការការពារ និងរក្សាថែរក្សាឲ្យបានជូនសាធារណៈជន ហើយនៅចំពោះមុខនេះ គឺត្រូវរក្សាសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ ដើម្បីរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ជូនគ្រប់គណបក្សដែលឈរឈ្មោះ នៅពេលបោះឆ្នោត និងក្រោយបោះឆ្នោតបានបញ្ចប់ទៅដោយរលូន តម្លាភាព ឯករាជ្យ អព្យាក្រឹត ដើម្បីជាការស្ងប់ចិត្ត និងទទួលយកចំពោះលទ្ធផលនៃការបោះឆ្នោត និងត្រូវបន្តពង្រឹងការយាមល្បាតជាប្រចាំ ។
លោកបញ្ជាក់ទៀតថា តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា ។
ក្នុងនោះករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលរាជធានី-ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះស្រប តាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្តខ្លួន ។ ហើយក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ ឥណទាន រដ្ឋបាលរាជធានីខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទនិងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ៕