(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា ខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកកំសាន្តខេត្តព្រះសីហនុបានកាន់តែច្រើន សមជាខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។
ការលើកឡើងរបស់លោក សាយ សំអាល់ ធ្វើឡើងក្នុងសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំចំនួន៧ គឺឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំវាលរេញ ឃុំតានៃ ឃុំសំរុង និងឃុំជើងគោ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ប្រធានក្រុមការងារ បន្ថែមថា សមុទ្រកម្ពុជាយើងគឺបានផ្តល់ផលប្រយោជន៍ជាច្រើនពីធនធានធម្មជាតិនៅក្នុងសមុទ្រ ដែលក្នុងនោះក៏បានផ្តល់ផលឱ្យវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហ៍កម្ម សេដ្ឋកិច្ច ជាដើម ហើយជាមួយគ្នាក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានា រោងចក្រសហគ្រាស កំពង់ផែ កាស៊ីណូជាដើម សុទ្ធសឹងតែបង្កើតការងារឲ្យប្រជាពលរដ្ឋ និងជាសរសៃឈាមសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។
លោក សាយ សំអាល់ បន្ថែមទៀតថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ គ្រប់វិស័យក៏បាននិងកំពុងអភិវឌ្ឍឥតឈប់ឈរជារៀងរាល់ថ្ងៃ។ ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បំផុតចំពោះការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពឱ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការចាំបាច់លើគ្រប់ផ្នែកក្នុងដំណើរឆ្ពោះទៅមុខរបស់កម្ពុជា។
លោក សាយ សំអាល់ ក៏បានសង្កត់ធ្ងន់ផងដែរ សូមឱ្យសមាជិក-សមាជិកា ចាំទុកថា អ្នកដែលបំផុសឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺជានិមិត្តរូបនៃការបំផ្លាញលទ្ឋិប្រជាធិបតេយ្យ បំបែកបំបាក់សង្គមជាតិ ប្រឆាំងរាជានិយមនៅកម្ពុជា និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលតម្លៃនៃសុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិទាំងមូល ហើយគ្រប់បណ្តាប្រទេសមិនអាចខ្វះបានឡើយ។
ជាមួយគ្នានេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ សូមឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។
គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣០៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២៕