Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យឹម ណុលឡា៖ ២៣ កក្កដា ជាឱកាសដ៏ពិសិដ្ឋសម្រាប់ពលរដ្ឋប្រើសិទ្ធិជ្រើសរើសមេដឹកនាំ

10-07-2023 20:16

(តាកែវ)៖ លោក យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស បានក្រើនរំលឹកប្រជាពលរដ្ឋថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ គឺជាឱកាសដ៏ពិសិដ្ឋសម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់សិទ្ធិជ្រើសរើសមេដឹកនាំប្រទេស ដែលមិនរំលង ឬបោះបង់នោះឡើយ។

នៅថ្ងៃទី១០ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ លោក យឹម ណុលឡា បានចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងឃុំតាំងយ៉ាប និងឃុំកំពង់រាប ស្ថិតក្នុងស្រុកព្រៃកប្បាស។ ក្នុងដំណើរចុះតាមខ្នងផ្ទះនោះ លោក យឹម ណុលឡា និងក្រុមការងារ ណែនាំប្រជាពលរដ្ឋអំពីរបៀបគូស សន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងក្រើនរំលឹកពលរដ្ឋកុំឱ្យជឿតាមការញុះញង់ របស់ក្រុមជ្រុលនិយមគូសបំផ្លាញ សន្លឹកឆ្នោត។

លោក យឹម ណុលឡា បានរំលឹកពីច្បាប់បោះឆ្នោតទើបកែប្រែថ្មី លើមាត្រាមួយចំនួន ដែលបានកំណត់ ពីការផ្តន្ទាទោសចំពោះជនទាំងឡាយណា ដែលបំផ្លាញដល់ដំណើរការបោះឆ្នោត។ បន្ថែមពីលើនោះលោក យឹម ណុលឡា បានគូសរំលេចផងដែរ ពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ ជាពិសេស ការបោះឆ្នោត គឺជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជាពលរដ្ឋក្នុងការជ្រើសរើសយកមេដឹកនាំប្រទេសដែល ពួកគេជឿទុកចិត្តលើការដឹកនាំប្រទេស។ ក្នុងន័យនេះ លោក យឹម ណុលឡា លើកទឹកចិត្តពលរដ្ឋទៅបោះឆ្នោត ឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ដោយមិនត្រូវខកខាននោះឡើយ។

ក្នុងឱកាសនោះលោក យឹម ណុលឡា បានលើកបង្ហាញពីគុណសម្បត្តិជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋត្រូវពិចារណា។ លោកបានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ជាគ្រឹះដ៏រឹងមាំក្នុងការរក្សា សុខសន្តិភាព ការពារសន្តិភាព ស្ថិរភាពនយោបាយ ការពារជាតិ ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ ជាពិសេសគណបក្សប្រជាជនកម្ពុជា ការពាររាល់សមិទ្ធផល សង្គមជាតិ ដែលបក្សបានកសាងយ៉ាងលំបាករយៈពេល ជាង៤០ឆ្នាំមកនេះ ឱ្យរឹងមាំស្ថិតស្ថេរគង់វង្ស ហើយបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន ដូចក្នុងកម្មវិធីនយោបាយ ដែលបក្សបានដាក់ចេញ និងប្រកាស ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះនោះ លោក យឹម ណុលឡា បានសង្កត់ធ្ងន់ពីតម្លៃនៃសុខសន្តិភាព។ លោកបានអះអាងថា មានសន្តិភាពទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។ បន្ថែមពីនេះ លោក យឹម ណុលឡា បានចោទសួរបងប្អូនប្រជាពលរដ្ឋថា សូមបងប្អូនប្រជាពលរដ្ឋស្វែងរកមើលចុះ ថាតើមានឃើញការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសេរីភាពណាមួយដែលកើតមានឡើងនៅប្រទេសដែលកំពុងមានសង្រ្គាម?

ជាក់ស្តែងថ្មីៗនេះ សង្រ្គាមនៅប្រទេសអ៊ុយក្រែន រយៈពេលតែ១ឆ្នាំជាង បានធ្វើឱ្យប្រទេសនេះហិនហោចខ្លោចផ្សា ខ្ទិចខ្ទីស្ទើរតែទាំងស្រុង និងនៅប្រទេសប៉ែកអាហ្រ្វិកក៍មានសង្រ្គាមស៊ីវិល ធ្វើឱ្យប្រជាជនរងទុក្ខវេទនាណាស់។

លោក យឹម ណុលឡា ក៏បានគូសបញ្ជាក់នូវស្មារតីរបស់បក្សប្រជាជនកម្ពុជា ក្នុងការគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេន៕