Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មជ្ឈមណ្ឌលឱកាសខ្ញុំ បន្តបើកបណ្តុះបណ្តាលវគ្គពិសេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដល់ជនរងគ្រោះគ្រឿងញៀន

10-07-2023 19:08

(ភ្នំពេញ)៖ លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានបើកវគ្គបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសដល់ជនរងគ្រោះដែលជាសិក្ខាកាមកំពុងទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ។ កម្មវិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រី មុំ ចាន់ដានី បានប្រាប់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ លើមុខជំនាញបច្ចេកទេសអគ្គិសនី និងម៉ាស៊ីនត្រជាក់ ដែលជាជំនាញកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

ថ្លែងក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាឱកាសនោះ លោកស្រី មុំ ចាន់ដានី បានថ្លែងអំណរគុណដល់វិទ្យាស្ថានជាតិសហគ្រិនភាព និងវានុវត្តន៍(NIEI) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលតែងតែបន្តធ្វើការសហការជួយបណ្តុះបណ្តាលផ្តល់ចំណេះជំនាញដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលផ្តាច់ភាពញៀន នៅមជ្ឈមណ្ដលឱកាសខ្ញុំ ផ្តល់់ឱកាសថ្មីសម្រាប់កសាងអនាគតស្រស់ថ្លា ទៅថ្ងៃអនាគត។

ក្នុងសារសម្តេចតេជោ ហ៊ុន សែន ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានចង្អុលដល់រាជធានីខេត្ត ដែលមានមណ្ឌលព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវពង្រឹងការគ្រប់គ្រង់ត្រូវពង្រឹងការគ្រប់គ្រង ដើម្បីឱ្យការផ្តល់សេវាត្រូវបានអនុវត្តស្របតាមគោលការណ៍ណែនាំ របស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕