(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម Twitter នៅល្ងាចថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នាដាំដើមឈើ។
លើគណនី Twitter ដែលជាមធ្យោបាយថ្មីសម្រាប់ការផ្តល់សារនានានោះ សម្តេចតេជោ បានសរសេរអំពាវនាវបែបនេះ «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់។ សូមនាំគ្នាដាំដើមឈើរៀងរាល់ថ្ងៃ ដោយកុំយកតែថ្ងៃទី០៩ កក្កដា រុក្ខទិវា នោះទេ ហើយត្រូវនាំគ្នាជួយដាំដើមឈើគ្រប់ទីកន្លែង ពេញផ្ទៃប្រទេស នៅតាមសាលារៀន វត្តអារាម និងទីកន្លែងផ្សេងៗ និងជាពិសេសនាំគ្នាជួយទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើឲ្យខានតែបាន»។
មិនត្រឹមតែជាខេមរភាសានោះទេ ក្នុងសាររបស់សម្តេចតេជោ ក៏បានរំលេចជាភាសាអង់គ្លេសផងដែរ «I would like to call on all compatriots to plant trees every day, not only on 9 July as Arbor Day. We shall plant trees everywhere in the country, in schools, pagodas and other places. Particularly, we must join hands to prevent deforestation»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការដាំដើមឈើ ដើម្បីផ្តល់នូវគម្របបៃតង និងទ្រទ្រង់ដល់បរិស្ថាន។ កម្ពុជាតែងបានរៀបចំនូវ «រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីដាំដើមឈើ និងការពារការកាប់បំផ្លាញព្រៃឈើ។ «រុក្ខទិវា» តែងប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។
របាយការណ៍បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២៣ តាមរយៈ «រុក្ខទិវា» បង្កើតបានសួនរុក្ខទិវា ៤៦២ហិកតា ហើយបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា៕