(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អមដំណើរជាមួយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងមន្ដ្រីថ្នាក់ដឹកនាំមួយចំនួនទៀត នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានមកទទួលសេវាសុខភាព នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានចុះសួរសុខទុក្ខ អ្នកជំងឺ និងជំរុញលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្ដទុក្ខដាក់ថែទាំឱ្យបានយ៉ាងល្អ និងផ្ដល់ក្ដីស្រលាញ់ ចំពោះអ្នកជំងឺដូចជាក្រុមគ្រួសាររបស់ខ្លួន។

លោករដ្ឋមន្ដ្រីក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពថា បើបងប្អូន ឬប្រជាពលរដ្ឋយើង មានបញ្ហាសុខភាព ឬចង់ពិនិត្យសុខភាពទូទៅ សូមអញ្ជើញមកកាន់មន្ទីរពេទ្យជាតិនេះបានគ្រប់ពេល ២៤លើ២៤​ មានគ្រូពេទ្យប្រចាំការ និងជំនាញៗត្រៀមជួយជានិច្ច ហើយយើងនឹងផ្ដល់ជូនសេវាកម្មយ៉ាងល្អដូចៗគ្នា ដើម្បីប្រាកដបានថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយមិនបានមើលការថែទាំនោះទេ។

ជាមួយគ្នានោះ អ្នកជំងឺ និងអ្នកមកទទួលសេវាសុខភាពទូទៅ រួមទាំងស្ដ្រីមកពិនិត្យផ្ទៃពោះ បានសម្ដែងនូវអារម្មណ៍កក់ក្ដៅ និងសប្បាយចិត្ដ ដែលមន្ទីរពេទ្យជាតិដ៏ធំ ផ្ដួចផ្ដើមសាងសង់ឡើងដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ដល់នូវអគារពិនិត្យថែទាំសុខភាព និងព្យាបាលអ្នកជំងឺប្រកបដោយស្ដង់ដារ និងមានផ្ដល់ទំនុកចិត្ដខ្ពស់ដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ គ្រូពេទ្យរួសរាយរាក់ទាក់ ផ្ដល់សេវាយ៉ាងល្អរហ័សទាន់ចិត្ដ ជាមួយឧបករណ៍ទំនើបៗថែមទៀតផង។

សូមជម្រាបថា បន្ទាប់ពីចុះសំណេះសំណាលរួចមក លោករដ្ឋមន្ដ្រី បានបន្ដពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យ តេជោសន្ដិភាព ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលដ៏ឆាប់ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

ថ្មីៗនេះបើតាមការគូសបញ្ជាក់របស់លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានឱ្យដឹងថា ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមកន្លងទៅនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី ក្រុមអ្នកសម្ដែងក្នុងព្រឹត្ដិការណ៍ បើក និងបិទស៊ីហ្គេម និងប៉ារ៉ាហ្គេម ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋបានចូលមកទស្សនាផងដែរ។

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានចំណុះជិត ១ម៉ឺនគ្រែ ក្រៅពីសម្រាប់ផ្ដល់សេវាសុខភាពទូទៅហើយ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ ក៏អាចទ្រទ្រង់សភាពការណ៍ការរាតត្បាតជំងឺសកលណាមួយដែលអាចកើតមានឡើង ដើម្បីផ្ដល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋយើង ដោយមិនឱ្យមានការព្រួយបារម្ដ។

គួររម្លឹកថាមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ត្រូវបានធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៣។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណជិត១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1, T2 ៕