(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាបេក្ខជនតំណាងរាស្រ្តនីតិកាលទី៧មណ្ឌលខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្រុមការងារគណបក្ស ចុះសំណេះសំណាលសួរសុខទុក្ខ ផ្សព្វផ្សាយគោលនយោបាយបក្សប្រជាជនកម្ពុជា និងពន្យល់ពីរបៀបគូស សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់សមាជិកបក្សនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា ក៏បានជំរុញឲ្យក្រុមការងារគណបក្សគ្រប់ឋានានុក្រមទាំងអស់ ពិសេសនៅតាមមូលដ្ឋាន នៅកៀកជាប់នឹងពលរដ្ឋ ត្រូវបន្តនាំសារសំខាន់របស់ថ្នាក់ដឹកនាំ និងអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ទៅកាន់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រួបជ្រាត ចុះឲ្យដល់ខ្នងផ្ទះ ដើម្បីទាក់ទាញសមាណចិត្ត យកឲ្យបានទាំងកាយ ចិត្ត និងបេះដូង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

លោកបណ្ឌិត បានណែនាំឲ្យក្រុមការងារ បន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឲ្យដល់មូលដ្ឋាន ធ្វើយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោត ឲ្យបានសកម្មបំផុត។ ជាពិសេសត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពោលគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។

លើសពីនេះទៀត ត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោត គាំទ្រសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ នាពេលអនាគត៕