(កំពង់ឆ្នាំង)៖ ជនឱកាសនិយមមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តលួចឆក់ឱកាសចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹក (ដីតំបន់៣) របស់រដ្ឋយ៉ាងសកម្មនៅតាមតំបន់មួយចំនួនស្ថិត ក្នុងទឹកដីនៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បើទោះជាសមត្ថកិច្ច និងអាជ្ញាធរខិតខំប្រឹងប្រែងសហការគ្នាក្នុងការចុះទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសផ្សេងៗ ជាពិសេគឺសកម្មភាពបទល្មើសនៃការលួចយកគ្រឿងចក្រ ចូលឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិ។

ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ, មន្ត្រីជំនាញរដ្ឋបាលជលផលដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យទៅលើទីតាំងដីព្រៃលិចទឹករបស់រដ្ឋមួយកន្លែងនៅចំណុចយាយភាជ ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង។ ខណៈនោះដែរមន្ត្រីជំនាញក៏បានឃើញសកម្មភាពគ្រឿងចក្រកំពុងធ្វើសកម្មភាព ឈូសឆាយជាក់ស្ដែងចំនួន ៣គ្រឿង នៅចំណុចខាងលើ។

ចំពោះករណីនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះថា ករណីនេះលោកគ្រាន់តែបានទទួលដំណឹងតាម ប្រព័ន្ធផ្សព្វផ្សាយរបស់បណ្ដាញសង្គមមួយចំនួនតែប៉ុណ្ណោះ ដោយលោកពុំទាន់ទទួលបានរបាយការណ៍ពីមន្ត្រីជំនាញរបស់លោកច្បាស់លាស់នៅឡើយនោះទេ។

មកដល់ថ្ងៃទី១០ ខែកក្កដានេះ លោករង់ចាំមើលរបាយការណ៍ពីមន្ត្រីជំនាញរបស់លោកសិន ប្រសិនបើរកឃើញមានការចូលឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ដូចដែលព័ត៌មានបានចុះផ្សាយពិតមែន លោកនឹងសុំគោលការណ៍ ពីលោកអភិបាលខេត្ត ដើម្បីរៀបចំគណៈកម្មការចម្រុះចុះពិនិត្យ ទីតាំងភូមិសាស្ត្រខាងលើនេះនឹងទីតាំងមួយចំនួនទៀតស្ថិតក្នុងចំណុចក្បែរៗគ្នានោះ។

បន្ទាប់មក លោកនឹងអនុវត្តទៅតាមនីតិវិធីច្បាប់ដោយ ទី១៖ រៀបចំរបាយការណ៍បញ្ជូនទៅតុលាការ, ទី២៖ លោកនិងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីនាំខ្លួនយកមកអនុវត្តទោសតាមនីតិវិធីរបស់តុលាការ ដោយមិនមានការលើកលែងទៀតនោះឡើយ ព្រោះនេះមិនមែនត្រឹមតែផ្គើនជាមួយនឹងច្បាប់តែប៉ុណ្ណោះទេ ថែមទាំងបានប្រឆាំងយ៉ាងធ្ងន់ធ្ងរជាមួយនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ទៀតផង។

ដោយឡែកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះថា ករណីនេះលោកគ្រាន់តែបានទទួលសេចក្តីរាយការណ៍ ពីលោកនាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ជាសង្ខេបខ្លះៗហើយ។ ក្នុងសេចក្តីរាយការណ៍នោះបានបញ្ជាក់ថា មន្ត្រីជំនាញរបស់លោកបានរកឃើញភូមិសាស្ត្រ នៃការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋដែលមានទំហំ នៃការខូចខាតដីតំបន់៣ ជាដីព្រៃលិចទឹករបស់រដ្ឋរហូតជាង ៥០ហិកតា ក្នុងនោះមន្តី្រជំនាញរបស់លោកក៏បានរឹបអូសបានវត្ថុតាងមានម៉ូតូចំនួន៣គ្រឿង ដែលជនសង្ស័យបានបន្សល់ទុកនៅកន្លែងកើតហេតុផងដែរ។

លោកបានបញ្ជាក់ទៀតថា ករណីនេះលោកកំពុងរង់ចាំរបាយការណ៍លម្អិត ពីលោកនាយផ្នែករដ្ឋបាលជលផលសិន បន្ទាប់ពីទទួលបានរបាយការណ៍ហើយ លោកនឹងរៀបចំរបាយការណ៍មួយទៀត ដើម្បីបញ្ជូនទៅតុលាការ តាមរយៈលោកប្រធានមន្ទីរកសិកម្មខេត្ត។ ចំណែកជនល្មើស និងអ្នកពាក់ព័ន្ធលោកក៏នឹងមិនឱ្យរួចខ្លួនផងដែរ ដោយសារតែមន្ត្រីជំនាញរបស់លោកមានវត្ថុតាងនៅក្នុងដៃស្រាប់ ហើយសម្រាប់ការស្រាវជ្រាវវែកមុខរកជនល្មើស យកមកផ្ដន្ទាទោសទៅតាមច្បាប់។

ជុំវិញករណីខាងលើនេះ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ដែលលោកបានដឹកនាំកម្លាំងចុះទៅពិនិត្យទី តាំងដែលជនល្មើសបានលួចចូលឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិ ចទឹករបស់រដ្ឋខាងលើនេះ លោកក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ដែលថា ករណីខាងលើនេះ​ បន្ទាប់ពីលោកទទួលបានបទបញ្ជាពីលោកប្រធានមន្ទីរកសិកម្ម លោកក៏បានដឹកនាំកម្លាំងចុះ ទៅពិនិត្យនិងចុចរកលេខកូដនិយាមកានៅលើទីតាំងដីនោះជាក់ស្ដែង ជាលទ្ធផលរកឃើញថាដីនោះជាដីព្រៃលិចទឹករបស់រដ្ឋ (ដីតំបន់៣) ស្ថិតក្នុងចំណុចយាយភាជ ក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ដែលត្រូវបានគេលួចឈូសឆាយអស់ទំហំប្រមាណ ៥២.៩៦ហិកតា។

លោកបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ លោកក៏បានឃើញគ្រឿងចក្រចំនួន៣គ្រឿង កំពុងធ្វើសកម្មភាពតែនៅពេលដែលឃើញក្រុមសមត្ថកិច្ចរបស់លោកចុះទៅដល់ពួកគេក៏បានបើកគ្រឿងចក្រគេចអស់ ដោយបន្សល់ទុកនៅម៉ូតូចំនួន៣គ្រឿង ដែលជារបស់ក្រុមជនសង្ស័យខាងលើនេះនៅកន្លែងកើតហេតុ។

លោកបញ្ជាក់ថា ខណៈចុះពិនិត្យទីតាំងដីខាងលើនោះដែរ លោកក៏បានជួបជាមួយប្រជាពលរដ្ឋនៅម្ដុំនោះ ដោយពួកគាត់ក៏បានបញ្ជាក់ប្រាប់លោកថា ប៉ុន្មានថ្ងៃនេះមានការចូលឈូសឆាយដីនៅតំបន់នោះចំនួន៤ទីតាំង ទី១៖ នៅចំណុចយាយភាជ, ទី២៖ ចំណុចតាកឹង, ទី៣៖ ចំណុចបាយឆៅ និងទី៤៖ ចំណុចតាអួរស, ទាំង៤ចំណុចនេះគឺមានទីតាំងក្បែរៗគ្នា ដែលស្ថិតភូមិឯលិច ក្នុងឃុំច្រណូក ស្រុកកំពង់លែងទាំងអស់។ ដោយឡែកករណីនេះលោកនឹងសរុបរបាយការណ៍បញ្ជូនទៅកាន់នាយខណ្ឌរដ្ឋបាលជលផលនៅក្នុងសប្តាហ៍នេះផងដែរ។

ប្រជាពលរដ្ឋនៅក្នុងឃុំច្រណូកភាគច្រើន ដែលពីដើមមកពួកគាត់ធ្លាប់បានអាស្រ័យផលដីនៅម្តុំនោះ ហើយបានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ទាំងអស់នោះជូនរដ្ឋវិញ។ ពួកគាត់សំណូមពរយ៉ាងទទូចដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាធ្វើយ៉ាងណាអនុវត្តតាមនីតិវិធីច្បាប់បានតឹងរឹង និងម៉ឹងម៉ាត់ផងចំពោះជនដែលបានប្រព្រឹត្តព្រោះបច្ចុប្បន្ននេះ មានតែក្រុមមួយចំនួនតូចនេះហើយ ដែលតែងតែចូលទៅបំផ្លិចបំផ្លាញដីព្រៃលិចទឹក (ដីតំបន់៣) របស់រដ្ឋហាក់មិនមានការកោដក្រែងចំពោះច្បាប់នោះឡើយ៕