(កោះកុង)៖ លោក ក្រូច បូរីសីហា ប្រធានក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិកសមាជិកាបក្ស បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានសមាជិក សមាជិកា ចូលរួមចំនួន ៤០០នាក់។
លោក ក្រូច បូរីសីហា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៧២ឆ្នាំហើយ។ ក្រៅពីបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត រំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ ក្រោមរបប ប៉ុលពត គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ នាំមកនូវការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
លោក ក្រូច បូរីសីហា ក៏បានបន្ថែមថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដូច្នេះត្រូវពិនិត្យឯកសារ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ឱ្យបានត្រឹមត្រូវ និងទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨នៅលើ សន្លឹកឆ្នោត។
សូមបងផ្សព្វផ្សាយដល់សាច់ញាតិ និងអ្នកគាំទ្រទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា កុំជឿតាមការញុះញង់ណាមួយរបស់ក្រុមប្រឆាំង ដែលឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ប្រទេសកម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍមិនត្រូវការសង្រ្គាមឡើយ៕