(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានផ្ញើសារលិខិត រំលែកទុក្ខជូនលោក គឹម ធា សមាជិកព្រឹទ្ធសភា និងក្រុមគ្រួសារ ចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន។

សារលិខិតរបស់សម្តេច ម៉ែន សំអន មានខ្លឹមសារទាំងស្រុងថា៖ «តាងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានក្តីរន្ធត់ចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន ត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាព នាព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:៥៤នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន គឺជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានល្អៗ ដល់កូនឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម និងខិតខំធ្វើតែអំពើជាកុសល។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន បានទៅ សោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»